វេណេស៊ុយអេឡា ចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមរំខាន ដល់កិច្ចព្រមព្រៀង ឧស្ម័នការីប៊ីន
ការ៉ាកាស៖ អនុប្រធានាធិបតី វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងព្យាយាម «រំខាន» កិច្ចព្រមព្រៀងឧស្ម័ន របស់ប្រទេស វេណេស៊ុយអេឡា នៅក្នុងតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងតាមរយៈសន្និសីទតាមទូរស័ព្ទ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នៃវេទិកាប្រទេសនាំចេញឧស្ម័ន នៅទីក្រុងដូហា ប្រទេសកាតា លោកស្រី Rodriguez បានថ្កោលទោសអ្វីដែលលោកស្រីហៅថា «ការគំរាមកំហែងបង្កសង្គ្រាម» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងតំបន់ការីប៊ីន។
លោកស្រីបានលើកឡើងថា «ពួកគេព្យាយាមលួចយកធនធានអ៊ីដ្រូកាបូន ប្រេង និងឧស្ម័នរបស់យើង»។ លោកស្រី Rodriguez បានបន្ដថា ប្រទេសវេណេស៊ុយអេឡា នឹងបន្តការពារការ ប្រើប្រាស់អធិបតេយ្យភាពនៃធនធានធម្មជាតិរបស់ខ្លួន រួមទាំងប្រេង និងឧស្ម័ន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ អន្តរជាតិ និងការអភិវឌ្ឍរួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
