ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា ទណ្ឌកម្មថ្មី របស់សហរដ្ឋ​អាមេ​រិក មិនប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីនោះទេ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឲ្យដឹងថា ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន ប្រេងរបស់រុស្ស៊ី នឹងមិនប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពសេដ្ឋកិច្ចរបស់រុស្ស៊ីនោះទេ ។

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានហៅទណ្ឌកម្មទាំងនោះថា “ជាការប៉ុនប៉ងដាក់សម្ពាធលើរុស្ស៊ី” និង “មិនរាក់ទាក់” ដោយបន្ថែមថា ពួកគេមិនបានជួយពង្រឹងទំនាក់ទំនងរុស្ស៊ី -អាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធថា លោកបានលុបចោលកិច្ចប្រជុំ ដែលបានគ្រោងទុក របស់លោកជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីតែងតែគាំទ្រការសន្ទនាជាបន្តបន្ទាប់។ លោកបានបន្ថែមថា វានឹងជាកំហុសមួយក្នុងការចូលទៅ ជិតកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកដោយគ្មានការរៀបចំ។

គួរបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងធំ ជាងគេពីររបស់រុស្ស៊ី គឺក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យយល់ព្រមលើបទឈប់បាញ់ ជាបន្ទាន់នៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top