សេតវិមានប្រកាសពីជំនួបរវាងលោក Donald Trump ជាមួយប្រធានាធិបតីចិនលោក Xi Jinping ចំពេលដែលមានសង្គ្រាមពាណិជ្ជកម្មឡើងកាន់តែខ្លាំងរវាងអាមេរិក និងចិន
បរទេស៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅសប្តាហ៍ក្រោយ ដែលជាផ្នែកនៃការធ្វើដំណើរទៅកាន់តំបន់អាស៊ីរបស់លោក Donald Trump ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump នឹងចាកចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ជាកន្លែងដែលលោកនឹងជួបជាមួយលោក Xi នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ លោកស្រី Leavitt មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំនោះទេ។
ការប្រកាសនេះធ្វើឡើងចំពេលដែលមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ លោក Trump បានគំរាមកាលពីសប្តាហ៍មុនថា នឹងដាក់ពន្ធបន្ថែម 100% លើទំនិញចិនដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា។
ខណៈដែលលោក Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងជួបជាមួយលោក Xi ក្នុងកិច្ចប្រជុំកំពូល APEC លោកក៏មិនបានប្រកាសកាលបរិច្ឆេទពិតប្រាកដនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានបង្ហើបលើលទ្ធភាពនៃការលុបចោលកិច្ចប្រជុំជាមួយប្រធានាធិបតីចិនទាំងស្រុងផងដែរ ចំពេលមានការខឹងសម្បារចំពោះការទប់ស្កាត់ការនាំចេញរបស់ចិនលើសារធាតុរ៉ែកម្រ៕
ប្រែសម្រួលៈ ណៃ តុលា
