ព័ត៌មានអន្តរជាតិ

ដំណើរការសន្តិភាពកម្ពុជា-ថៃ​ មិនមែនជាឆាកសម្តែង ល្ខោននយោបាយទេ

ឆាកនយោបាយអន្តរជាតិ​ មិនដែលខ្វះរឿងល្ខោនទេ ប៉ុន្តែការប៉ុនប៉ងផ្លាស់ប្តូររបៀបវារៈដ៏ម៉ើងម៉ាត់ ទាក់ទងនឹងសន្តិភាពក្នុងតំបន់ ទៅជាការសម្តែងឆាកល្ខោននយោបាយ នឹងនាំមកនូវការព្រួយបារម្ភ។

នៅចុងខែតុលា ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេននៃអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការអាស៊ីបូព៌ា។ យោងតាមការផ្សព្វផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានObserver របស់ប្រទេសចិន នៅថ្ងៃទី៧ ខែតុលា គេហទំព័រ POLITICO ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយដកស្រង់ប្រភពមន្ត្រីបីនាក់ សុំមិនបញ្ចេញឈ្មោះ បានបង្ហាញនៅថ្ងៃទី៦ ខែតុលាថា សេតវិមានជឿជាក់ថា ការចូលរួមរបស់លោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ថ្ងៃទី ២៦-២៨ ខែតុលា) អាស្រ័យលើថាតើរដ្ឋាភិបាលម៉ាឡេស៊ី យល់ព្រមអនុញ្ញាតឱ្យលោក ត្រាំ ធ្វើជាអធិបតីក្នុងពិធីមួយ ពាក់ពន្ធ័នឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃក្នុងអំឡុងពេលកិច្ចប្រជុំកំពូល។

ប្រភពដែលស្គាល់ពីបញ្ហានេះបានឲ្យដឹងថា សេតវិមាន ថែមទាំងបានដាក់សម្ពាធជាពិសេស ទៅលើអ្នករៀបចំកិច្ចប្រជុំកំពូលឱ្យ «ដកមន្ត្រីចិនចេញពីពិធីនោះ»។ របាយការណ៍នេះបានបញ្ជាក់ថា គោលបំណងរបស់សេតវិមាន គឺដើម្បីធានាថាសហគមន៍អន្តរជាតិ អាចផ្តោតអារម្មណ៍ទៅលើលោក ត្រាំ តែម្នាក់ឯង ទន្ទឹមនឹងនេះមានបំណង ចង់បន្ទាបបន្ថោកកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការសម្របសម្រួលជម្លោះ រវាងប្រទេសថៃនិងកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ POLITICO ក៏បានរាយការណ៍ផងដែរថា សេតវិមាន បានបដិសេធថាមិនបានភ្ជាប់ការចូលរួម របស់លោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ទៅនឹងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពនោះទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកម្នាក់ សុំមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើប នៃប្រធានបទនេះ បាននិយាយថា “ប្រធានាធិបតី ពិតជាកំពុងជំរុញការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពនេះ ប៉ុន្តែវាមិនមែនជាលក្ខខណ្ឌ នៃការចូលរួមកិច្ចប្រជុំកំពូលនោះទេ”។

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានរាយការណ៍នៅថ្ងៃទី១៨ ខែតុលាថា មេដឹកនាំនៃប្រទេសកម្ពុជា និងថៃ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅចុងខែនេះ ដោយមានលោក ត្រាំ និងនាយក រដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា ប៊ីនអ៊ីប្រាហ៊ីម ធ្វើជាសាក្សីនៃការចុះហត្ថលេខានេះ។

រឿងពិតនៅពីក្រោយព័ត៌មានដ៏ច្របូកច្របល់នេះ នៅតែពិបាកយល់។ ទោះជាយ៉ាងណាក៏ដោយ វាបានបង្កឱ្យមានការរំជើបរំជួល នៅក្នុងសហគមន៍អន្តរជាតិ។ ដូចពាក្យស្លោកថា «គ្មានផ្សែងដោយគ្មានភ្លើង» ទោះបីជាព័ត៌មាននេះ ពិតឬមិនពិតក៏ដោយ វាមានទំនាក់ទំនងខ្លះ ជាមួយនឹងបំណងប្រាថ្នារបស់មេដឹកនាំអាមេរិក ចំពោះរង្វាន់ណូបែលសន្តិភាព។ ពីឧបទ្វីបកូរ៉េរហូតដល់មជ្ឈិមបូព៌ា ហើយឥឡូវនេះដល់អាស៊ីអាគ្នេយ៍ សកម្មភាពការទូតរបស់គាត់ជារឿយៗ ត្រូវបានអមដោយការរៀបចំនិមិត្តរូបយ៉ាងខ្លាំង។ លើសពីនេះគោលនយោបាយការទូត របស់សហរដ្ឋអាមេរិកថ្មីៗនេះ បានបង្ហាញកាន់តែច្បាស់ អំពីលក្ខណៈដោះដូរ និងការសម្តែង។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺ ការលើកទឹកចិត្តនៅពីក្រោយ៖ ហេតុអ្វីបានជាមហាអំណាចមួយ ដែលនៅឆ្ងាយពីអាស៊ីអាគ្នេយ៍ បង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំង ក្នុងការត្រួតត្រាដំណើរការសន្តិភាព រវាងរដ្ឋសមាជិកអាស៊ានពីរ?
សន្តិភាពមិនមែនជាកម្មវិធីសម្តែងទេ ហើយក៏មិនមែនជាម៉ាស៊ីនដកលុយ ខាងនយោបាយដែរ។ ការប្រែក្លាយបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា និងថៃចំពោះសន្តិភាព ទៅជាមធ្យោបាយនៃដើមទុន នយោបាយ គឺជាការយល់ច្រឡំ អំពីខ្លឹមសារនៃបុព្វហេតុសន្តិភាព និងការមិនគោរពចំពោះសមត្ថភាព របស់ប្រទេសក្នុងតំបន់ ក្នុងការដោះស្រាយជម្លោះដោយឯករាជ្យ។ ការកសាងសន្តិភាពពិតប្រាកដ គឺជាដំណើរការស្ងប់ស្ងាត់ ប៉ុន្តែមានប្រសិទ្ធភាព ជាយូរអង្វែង មិនមែនជាពេលវេលាដ៏រុងរឿងមួយភ្លែត ក្រោមការចាប់អារម្មណ៍នោះទេ។

បទពិសោធន៍ប្រវត្តិសាស្ត្របង្ហាញថា អ្នកស្វែងរកសន្តិភាពពិតប្រាកដ ច្រើនតែខិតខំកសាងវេទិការ ដែលមានលក្ខណៈរួមបញ្ចូល ជាជាងបង្កើតរង្វង់ផ្តាច់មុខ។ ការប្រើប្រាស់ពន្ធគយ ដើម្បីដាក់សម្ពាធលើភាគីជម្លោះ ឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព និងប្រែក្លាយពិធីចុះហត្ថលេខា ទៅជាឆាកល្ខោនសម្តែងខាងនយោបាយ នឹងមិនត្រឹមតែបរាជ័យ ក្នុងការដោះស្រាយជម្លោះ ជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចសាបព្រោះគ្រោះថ្នាក់ ដែលលាក់កំបាំងសម្រាប់ស្ថិរភាព ក្នុងតំបន់នាពេលអនាគតផងដែរ។

ថ្មីៗនេះ មន្ត្រីរបស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយម្តងហើយម្តងទៀត ពី «សមិទ្ធផល» របស់លោក ត្រាំ និងសហរដ្ឋអាមេរិក ក្នុងការការជំរុញការឈប់បាញ់រវាងកម្ពុជា និងថៃ ដែលហាក់ដូចជាកំពុងព្យាយាម លួចយកតួនាទី និងសមិទ្ធផលរបស់អាស៊ាន និងចិន ក្នុងការជំរុញឱ្យមានបទឈប់បាញ់។ នេះផ្ទុយស្រឡះពី «ប្រាជ្ញាបូព៌ា» ដែលបង្ហាញដោយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចការតំបន់ និងកិច្ចខិតខំប្រឹងប្រែងដោយស្ងប់ស្ងាត់ ប៉ុន្តែជាប់លាប់របស់ប្រទេសចិន ទាំងនៅលើឆាកនិងក្រៅឆាក។

ក្រោយពីការអភិវឌ្ឍន៍ជាងកន្លះសតវត្ស អាស៊ាន បានបង្កើតយន្តការសម្របសម្រួលជម្លោះ និងម៉ុដូអភិបាលកិច្ចក្នុងតំបន់ ដែលមានលក្ខណៈពិសេស។ កម្ពុជានិងថៃ ក៏ជាសមាជិកអាស៊ាន ជម្លោះរបស់ពួកគេគឺ «កិច្ចការផ្ទៃក្នុងគ្រួសារអាស៊ាន» ដែលអាស៊ានត្រូវដើរតួនាទីនាំមុខ ក្នុងការសម្រុះសម្រួល។ ក្នុងដំណើរការសម្របសម្រួល នៃជម្លោះព្រំដែនកម្ពុជា-ថៃ ម៉ាឡេស៊ីនិងប្រទេសអាស៊ានដទៃទៀត បានប្រកាន់ខ្ជាប់នូវ«មាគ៌ាអាស៊ាន» គឺសង្កតការឯកភាពគ្នាដោយកុងសង់ស៊ីស ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការគោរពអធិបតេយ្យភាពជាតិ និងជំរុញការចរចាររវាងភាគីទាំងពីរ តាមរយៈការទូតស្ងាត់៖ នៅថ្ងៃទី ២៨ ខែកក្កដា កម្ពុជា និងថៃ បានជួបពិភាក្សាគ្នា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ហើយបានព្រមព្រៀងគ្នា លើបទឈប់បាញ់ “ភ្លាមៗនិងដោយគ្មានលក្ខខណ្ឌ” ដែលចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃនោះ ដោយបញ្ចប់ការប៉ះទង្គិចគ្នា តាមព្រំដែនជាច្រើនថ្ងៃ រវាងប្រទេសទាំងពីរ។ តាមពិតទៅ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត បានធ្វើអ្វីៗជាច្រើន ដើម្បីសម្រួលដល់បទឈប់បាញ់ និងការថែរក្សាសន្តិភាពយូរអង្វែង រវាងកម្ពុជា និងថៃ ប៉ុន្តែប្រទេសទាំងនេះ មិនបានផ្សព្វផ្សាយសមិទ្ធផលរបស់ខ្លួនឯងទេ។

នៅក្នុងបញ្ហាសន្តិភាពកម្ពុជា-ថៃ តួនាទីរបស់ប្រទេសក្រៅតំបន់ គឺជាអ្នកជួយហើយមានលក្ខណៈស្ថាបនា មិនមែនដើរតួនាទីជាអ្នកជំនួសឬជាម្ចាស់ផ្ទះទេ។ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាគាំទ្រសន្តិភាព នៅអាស៊ីអាគ្នេយ៍ ខ្លួនគួរតែគោរពតួនាទី និងការគាំទ្រភាពជាស្នូលរបស់អាស៊ាន ជាជាងការធ្វើឱ្យចុះខ្សោយ ភាពជាអ្នកដឹកនាំរបស់អាស៊ាន។

ប្រទេសចិន គឺជាប្រទេសធំមួយ ដែលមានទំនួលខុសត្រូវខ្ពស់ និងជាដៃគូរជិតស្និទ្ធរបស់អាស៊ាន សង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសអាស៊ាន នឹងរក្សាសន្តិភាពនិងស្ថិរភាព និងគាំទ្រយ៉ាងស្មោះអស់ពីចិត្ត ចំពោះភាពជាស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយស្នើឱ្យសម្របខ្លួន ទៅនឹងស្ថានភាពអន្តរជាតិ ដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ជាមួយនឹងស្មារតីសាមគ្គីភាព និងដោះស្រាយបញ្ហាសន្តិសុខដ៏ស្មុគស្មាញ និងស្រួចស្រាល់ ជាមួយនឹងគំនិតឈ្នះ-ឈ្នះ។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងលុបបំបាត់ មូលហេតុដើមនៃជម្លោះអន្តរជាតិ កសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលផ្អែកលើយុត្តិធម៌និងសមភាព ជំរុញសហគមន៍អន្តរជាតិ ឱ្យធ្វើការរួមគ្នាដើម្បីចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដប្រជាកាន់តែច្រើន ទៅក្នុងយុគសម័យដ៏ច្របូកច្របល់ និងមានការប្រែប្រួលនេះ សម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែងនៅក្នុងពិភពលោក។

ទាំងនេះស្របនឹង«វិធីសាស្ត្រាអាស៊ាន» ដែលស្នើឲ្យមានការឯកភាពគ្នា និងការយកចិត្តទុកដាក់ លើភាពស្រួលរបស់គ្រប់ភាគី។ ក្នុងការជំរុញសន្តិភាពរវាងកម្ពុជានិងថៃ ចិនតែងតែគាំទ្រយ៉ាងពេញទំហឹង នូវតួនាទីនាំមុខ របស់អាស៊ាន ដោយសម្របសម្រួល និងជំរុញយ៉ាងសកម្មនូវការសន្ទនាទ្វេភាគី ទាំងនៅលើឆាក និងក្រោយឆាក ដោយមិនដណ្តើមតំណែងដ៏លេចធ្លោ ឬបំបាត់ការទទួលខុសត្រូវឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់ចិន ត្រូវបានកោតសរសើរយ៉ាងខ្ពស់ ពីប្រទេសអាស៊ាន រួមទាំងកម្ពុជា ថៃ និងម៉ាឡេស៊ី។

ការសម្រេចបាននូវសន្តិភាពយូរអង្វែង រវាងកម្ពុជានិងថៃ មិនមែនគ្រាន់តែទាមទារការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពណាមួយនោះទេ តែវាពឹងផ្អែកលើការអនុវត្ត ការតាមដាន និងការបង្កើតយន្តការសន្តិភាព រយៈពេលវែង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ តម្រូវឱ្យមានការវិនិយោគ ប្រកបដោយចីរភាព និងប្រាជ្ញារួមរបស់ប្រទេសក្នុងតំបន់ មិនមែនជាការសម្តែងនយោបាយ ដែលត្រូវបានរៀបចំដោយចេតនានោះទេ។ ការធ្វើឱ្យបញ្ហាភូមិសាស្ត្រនយោបាយ ស្មុគស្មាញ ការវិវាទប្រវត្តិសាស្ត្រ និងជម្លោះផលប្រយោជន៍ជាក់ស្តែង ទៅជាកិច្ចព្រមព្រៀងនិងពិធីចុះហត្ថលេខាតែមួយ គឺជាការព្យាបាលរោគសញ្ញាតែប៉ុណ្ណោះ មិនមែនជាការព្យាបាលរោគ ឫសគល់នោះទេ។

ប្រទេសក្នុងតំបន់ ត្រូវការសន្តិភាពប្រកបដោយចីរភាព មិនមែនជាដំណោះស្រាយ«អួតអាងនិងរហ័សរហួន» ដែលគ្រាន់តែដើម្បីបំពេញតម្រូវការនយោបាយ របស់ប្រទេសមួយចំនួននោះទេ។

សរុបមក គំរូដោះស្រាយជម្លោះដែលផ្អែក លើការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ស្មើភាពគ្នា គឺចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រពៃណីវប្បធម៌អាស៊ី ហើយបំពេញតាមការរំពឹងទុករួមគ្នា របស់ប្រទេសក្នុងតំបន់បានកាន់តែប្រសើរ។ ភាពជាអ្នកដឹកនាំ នៃដំណើរការសន្តិភាព គួរតែស្ថិតនៅក្នុងដៃរបស់ប្រទេសកម្ពុជា និងប្រទេសថៃយ៉ាងរឹងមាំ។ ប្រសិនបើប្រទេសក្រៅតំបន់ ពិតជាចង់ចូលរួមចំណែក ដល់សន្តិភាពក្នុងតំបន់ ពួកគេគួរតែគោរពជម្រើសឯករាជ្យ របស់ប្រទេសក្នុងតំបន់ និងផ្តល់ជំនួយស្ថាបនា ដោយភាពរាបទាប ជាជាងការតាំងខ្លួន ជាអ្នកសង្គ្រោះនិងជ្រៀតជ្រែកដោយបង្ខំ។

ដោយសម្លឹងមើលទៅមុខ ដើម្បីឲ្យប្រទេសកម្ពុជា ប្រទេសថៃ និងអាស៊ីអាគ្នេយ៍ទាំងមូល ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង នៃសន្តិភាពយូរអង្វែង និងវិបុលភាពរួម វាអាស្រ័យលើប្រទេសទាំងអស់ គោរពភាពជាម្ចាស់ការរបស់ប្រទេស ក្នុងតំបន់ រក្សាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដែលផ្តោតលើអាស៊ាន ប្រកាន់ខ្ជាប់នូវតំបន់និយម បើកចំហនិងរួមបញ្ចូល បោះបង់ចោលគំនិត ដែលមានផលបូកសូន្យ ប្រកាន់ខ្ជាប់នូវផលប្រយោជន៍ ទៅវិញទៅមកនិងលទ្ធផលឈ្នះ-ឈ្នះ ហើយទប់ទល់នឹងការរៀបចំ ភូមិសាស្ត្រនយោបាយគ្រប់ទម្រង់។ ក្នុងនាមជាប្រទេសធំ ដែលមានទំនួលខុសត្រូវ ប្រទេសចិន នឹងបន្តធ្វើការជាមួយប្រទេសអាស៊ាន ដើម្បីលើកកម្ពស់ការបង្កើតស្ថាបត្យកម្មសន្តិសុខតំបន់ ដែលយុត្តិធម៌ សមធម៌ រួមបញ្ចូល និងមានប្រយោជន៍ជាងមុន ដើម្បីឱ្យសន្តិភាពអាចក្លាយ ជាផលប្រយោជន៍ រួមសម្រាប់ប្រជាជនទាំងអស់៕ អត្ថបទដោយ៖ យ៉ុង ឆាយស៊ីង

To Top