ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិជប៉ុន និងអាមេរិក នឹងជួបគ្នានៅថ្ងៃពុធ ក្រោមរដ្ឋាភិបាលជប៉ុនថ្មី

តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុន លោក Shinjiro Koizumi នឹងជួបជាមួយសមភាគីអាមេរិករបស់លោក គឺលោក Pete Hegseth នៅព្រឹកថ្ងៃពុធ នៅទីក្រុងតូក្យូ ជំនួបនេះ ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរ មានបំណងកំណត់នូវទំនាក់ទំនងទ្វេភាគី ក្រោមរដ្ឋាភិបាលថ្មីរបស់ជប៉ុន។

កិច្ចប្រជុំរវាងប្រមុខការពារជាតិនៃសម្ព័ន្ធមិត្តទាំងពីរនេះ នឹងជាលើកដំបូងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីលោកស្រី Sanae Takachi ដែលបានឡើងកាន់តំណែងប្រហែលមួយសប្តាហ៍មុន។ វានឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពីការចរចាដែលរំពឹងទុករវាងលោកស្រី Takaichi និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃចន្ទ។

លោក Koizumi ត្រូវបានគេរំពឹងថា នឹងជម្រាបជូនរដ្ឋមន្ត្រីការពារជាតិ អាមេរិកអំពីផែនការរបស់ជប៉ុន ក្នុងការកែសម្រួលឯកសារគោល នយោបាយការពារជាតិ និងសន្តិសុខសំខាន់ៗចំនួនបី និងបង្កើនការចំណាយលើការការពារជាតិ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ ។

លោកស្រី Takaichi ដែលត្រូវបានគេស្គាល់ ដោយសារទស្សនៈយោធានិយមលើសន្តិសុខ បានសម្តែងការត្រៀមខ្លួនរួចរាល់​ ក្នុងការកែសម្រួលឯកសារសន្តិសុខទាំងបីនេះ នៅដើមដំបូង ហើយក៏បានសន្យាថានឹងបង្កើនការចំណាយលើការការពារជាតិរបស់ជប៉ុនដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅខែមីនា ពោលគឺពីរឆ្នាំមុនគោលដៅបច្ចុប្បន្ន។

ប្រភពព័ត៌មានបាននិយាយថា លោក Koizumi និងលោក Hegseth ក៏ទំនងជានឹងព្រមព្រៀងគ្នាលើការពង្រឹងសមត្ថភាពទប់ស្កាត់ និងឆ្លើយតបនៃសម្ព័ន្ធភាពទ្វេភាគីរបស់ពួកគេ ដោយចងចាំពីភាពរឹងមាំកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top