លោក Rubio អះអាងថាឥណ្ឌាមានបំណងចង់ធ្វើឲ្យមានភាពចម្រុះនៃការផ្គត់ផ្គង់ប្រេងរបស់ខ្លួន
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអះអាងកាលពីថ្ងៃសៅរ៍ថាប្រទេសឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើពិពិធកម្មការនាំចូលប្រេងរបស់ខ្លួន។
លោកRubio បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកាសកាលពីសប្តាហ៍មុនអំពីការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលផ្តោតលើក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft និង Lukoil ។
ឆ្លើយតបទៅនឹងសំណួរថាតើឥណ្ឌាមានឆន្ទៈក្នុងការកាត់បន្ថយការទិញប្រេងពីរុស្ស៊ីឬយ៉ាងណានោះ លោកRubio បាននិយាយថា៖មែនហើយ ខ្ញុំគិតថាឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍រួចហើយក្នុងការធ្វើពិពិធកម្មផលប័ត្រប្រេងរបស់ពួកគេ និងអ្នកដែលពួកគេទិញពី។ ដូច្នេះហើយ ឥណ្ឌាត្រូវការតែប្រេងច្រើនណាស់ ។
ប៉ុន្មានម៉ោងក្រោយមកលោក Rubio បានជួបសមភាគីឥណ្ឌារបស់គាត់គឺ S. Jaishankar នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ដែលជាកន្លែងអ្នកការទូតទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងពិភពលោក។
គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងម្តងទៀតថា ឥណ្ឌានឹងកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី បន្ទាប់ពីមានការសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi៕
ប្រែសម្រួល៖ស៊ុនលី
