ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថាគាត់ចង់ជួបជាមួយនឹងលោក Kim Jong un សាជាថ្មីម្តងទៀត

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong un ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនៅអាស៊ីរបស់លោក ដោយបន្ថែមថា លោកមានទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានទៅអង្គុយនៅលើទឹកដីរបស់កូរ៉េខាងជើង ដោយគាត់បានជួបជាមួយលោក Kim នៅក្នុងតំបន់គ្មានយោធារបស់កូរ៉េទាំងពីរ។
មេដឹកនាំទាំងពីរបានជួបគ្នាចំនួនបីដងពីឆ្នាំ២០១៨ដល់ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច និងសន្តិសុខ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា លោកនឹងបើកចំហរក្នុងការជួបជាមួយលោក Kim ក្នុងអំឡុងពេលឈប់សម្រាកនៅប្រទេសកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះ។

គួរឲ្យដឹងដែរថាលោក Trump ក៏​គ្រោង​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​ឆ្នេរសមុទ្រ Gyeongju ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top