លោក Trump និយាយថា មីស៊ីលសម្រាប់យន្តហោះ F-35 របស់ជប៉ុន នឹងមកដល់ ‘សប្តាហ៍នេះ’ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់នាវា USS George Washington
បរទេស៖ លោកប្រធានាធិបតី Donald Trump បានប្រាប់ទាហានអាមេរិកនៅលើនាវា USS George Washington នៅមូលដ្ឋានទ័ពជើងទឹក Yokosuka របស់ប្រទេសជប៉ុននៅថ្ងៃអង្គារថា មីស៊ីលដំបូងសម្រាប់យន្តហោះចម្បាំង F-35 របស់ជប៉ុន “នឹងមកដល់ក្នុងសប្តាហ៍នេះ” ដោយបង្ហាញថា ការបញ្ជូនការពាររបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងតូក្យូកំពុងដំណើរការមុនកាលវិភាគ។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះបានធ្វើឡើងក្នុងអំឡុងពេលសុន្ទរកថារយៈពេលមួយម៉ោងរបស់លោក Trump ទៅកាន់នាវិកដែលជាផ្នែកមួយនៃដំណើរទេសចរណ៍អាស៊ីដ៏ធំទូលាយរបស់គាត់ ដែលរួមបញ្ចូលទាំងការឈប់នៅប្រទេសម៉ាឡេស៊ីមុនប្រទេសជប៉ុន ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្រ្តីស្ត្រីដំបូងរបស់ប្រទេសជប៉ុនគឺលោកស្រី Sanae Takaichi និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌថ្មីរវាងសហរដ្ឋអាមេរិក និងជប៉ុនស្តីពីរ៉ែកម្រ។ នៅចុងសប្តាហ៍នេះ លោក Trump ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping ផងដែរ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានយល់ព្រមលើការលក់សព្វាវុធដ៏ធំមួយចំនួនទៅឱ្យប្រទេសជប៉ុន រួមទាំងមីស៊ីលកម្រិតខ្ពស់ AIM-120 AMRAAM និង AIM-9X ដែលត្រូវបានរចនាឡើងសម្រាប់យន្តហោះ ចម្បាំង F-35 ។
លោក Trump បានសរសើរសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុនដោយហៅសម្ព័ន្ធភាពនេះថាជា “ទំនាក់ទំនងដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងពិភពលោកទាំងមូល” ៕
ប្រែសម្រួលៈ ណៃ តុលា
