ព័ត៌មានអន្តរជាតិ

ហុងគ្រី​ នឹងរារាំង ការចរចាចូលជា សមាជិកសហភាពអឺរ៉ុប​ ជាមួយអ៊ុយក្រែន

ប៊ុយដាប៉េស ៖​ ហុងគ្រី​ នឹងមិនគាំទ្រ ការចាប់ផ្តើមការចរចា ចូលជាសមាជិក សហភាពអឺរ៉ុប ជាមួយអ៊ុយក្រែនទេ ដរាបណារដ្ឋាភិបាលជាតិនៅកាន់អំណាច នេះបើយោង តាមរដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto។

ឆ្លើយតបទៅនឹងសំណួរនៅក្នុងសភា លោក Szijjarto បានឧ្យដឹងថា ឱកាសសម្រាប់ការប៉ុនប៉ងរបស់អ៊ុយក្រែន​ ក្នុងសហភាពអឺរ៉ុប ដើម្បីតំណាងឱ្យសន្តិភាព បានកន្លងផុតទៅហើយ ហើយហុងគ្រី​ នៅតែបន្តវេតូការចរចា លើការព្រួយបារម្ភអំពីសន្តិសុខអឺរ៉ុប សេដ្ឋកិច្ច និងទីផ្សារការងារ ។

លោកបានលេីកឡេីងថា “ខ្ញុំបម្រើការជារដ្ឋមន្ត្រីការបរទេស និងលោក Viktor Orban ជានាយករដ្ឋមន្ត្រី ជំពូកចូលជាសមាជិករបស់អ៊ុយក្រែននឹងមិនចាប់ផ្តើមទេ” ដោយបន្ថែមថា ទីក្រុងប៊ុយដាប៉េស​ ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីទីក្រុងព្រុចសែល។

លោកក៏បានរិះគន់ ” យុទ្ធសាស្ត្រ ផ្តោតលើសង្គ្រាម” របស់សហភាពអឺរ៉ុប ដោយចង្អុលទៅផែនការ សម្រាប់ជំនួយ ហិរញ្ញវត្ថុសំខាន់ៗ ដល់យោធា និងរដ្ឋាភិបាលរបស់ទីក្រុងគៀវ។ លោកបាននិយាយថា ហុងគ្រីនឹងទប់ទល់ នឹងការប៉ុនប៉ងណាមួយ​ ដើម្បីប្រើប្រាស់ប្រាក់ របស់អ្នកជាប់ពន្ធហុងគ្រី​ ដើម្បីផ្តល់មូលនិធិដល់ជម្លោះ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Istvan Nagy បានលេីកឡេីងនៅប្រទេសលុចសំបួរថា ប្រទេសហុងគ្រីនឹងរក្សាការហាមឃាត់ជាតិរបស់ខ្លួនលើការនាំចូល ផលិតផលកសិកម្មរបស់អ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុងព្រុចសែលថា​ បានផ្តល់អាទិភាព ដល់ផលប្រយោជន៍ អ៊ុយក្រែនជាងផលប្រយោជន៍ របស់កសិករសហភាពអឺរ៉ុប ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top