អាមេរិក ព្យាយាមទិញទឹកចិត្ត អ្នកបើកយន្តហោះ របស់ប្រធានាធិបតី វ៉េណេស៊ុយអេឡា Nicolas Maduro ក្នុងការប៉ុនប៉ងចាប់ខ្លួន
បរទេស៖ ទីភ្នាក់ងារ សារព័ត៌មាន AP រាយការណ៍ថា ភ្នាក់ងារសហព័ន្ធអាមេរិកមួយរូប បានប៉ុនប៉ង ជ្រើសរើសអ្នកបើក យន្តហោះផ្ទាល់ខ្លួន របស់ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro ជាផ្នែកនៃផែនការ ដើម្បីចាប់ខ្លួនមេដឹកនាំរូបនេះ និងបញ្ជូនគាត់ទៅមន្ទីរឃុំឃាំងអាមេរិក លើការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយលើកឡើងពីមន្ត្រីអាមេរិក បច្ចុប្បន្ន និងអតីតមន្រ្តីបីនាក់ ក៏ដូចជាគូប្រជែងម្នាក់របស់លោក Maduro ភ្នាក់ងារសន្តិសុខមាតុភូមិ Edwin Lopez បានជួបជាមួយអ្នកបើកយន្តហោះរបស់លោក Maduro ឧត្តមសេនីយ៍ Bitner Villegas នៅសាធារណរដ្ឋ Dominican ក្នុងឆ្នាំ ២០២៤។
Edwin Lopez ត្រូវបានគេចោទប្រកាន់ថា បានផ្តល់ប្រាក់ និងការការពារដល់អ្នកបើកយន្តហោះជាថ្នូរ នឹងការបង្វែរយន្តហោះរបស់លោក Maduro ទៅកាន់ទីតាំងមួយដែលអាជ្ញាធរអាមេរិកអាចចាប់ខ្លួនគាត់។ អ្នកបើកយន្តហោះនៅតែមិនចុះសម្រុង ប៉ុន្តែបានបន្តផ្លាស់ប្តូរសារជាមួយភ្នាក់ងារអស់រយៈពេលជាងមួយឆ្នាំ សូម្បីតែបន្ទាប់ពី លោក Lopez ចូលនិវត្តន៍ក្នុងខែកក្កដា ឆ្នាំ ២០២៥ ក៏ដោយ។
Lopez ត្រូវបានគេរាយការណ៍ថា បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួង យុត្តិធម៌សហរដ្ឋអាមេរិក ដែលបង្កើនប្រាក់រង្វាន់ទ្វេដងសម្រាប់ការចាប់ខ្លួនលោក Maduro ដល់ ៥០ លានដុល្លារដោយជំរុញឱ្យ អ្នកបើកយន្តហោះឈ្មោះ Bitner Villegas “ក្លាយជាវីរបុរសរបស់ Venezuela” ។ ទីបំផុត អ្នកបើកយន្តហោះបានបដិសេធ ដោយហៅ Lopez ថាជាមនុស្សកំសាក និងកាត់ផ្តាច់ទំនាក់ទំនង។
ការលាតត្រដាងនេះកើតមាន នៅពេលដែលសហរដ្ឋអាមេរិក បង្កើនសម្ពាធផ្នែកយោធា និងចារកម្មលើក្រុងការ៉ាកាស។ លោកប្រធានាធិបតី Donald Trump បានអនុញ្ញាតឱ្យ CIA ធ្វើប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ហើយបានដាក់ពង្រាយនាវាចម្បាំង យន្តហោះ និងកងទ័ពរាប់ពាន់នាក់ ទៅកាន់តំបន់ការ៉ាប៊ីន សម្រាប់អ្វី ដែលទីក្រុងវ៉ាស៊ីនតោន ហៅថាយុទ្ធនាការ ប្រឆាំងគ្រឿងញៀន៕
ប្រែសម្រួលៈ ណៃ តុលា
