ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងចំនួនពីរ ផ្សាយថា ពលរដ្ឋកូរ៉េខាងត្បូង ១១នាក់ត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសថៃ ប៉ុន្តែត្រូវបានការិយាល័យអន្តោប្រវេសន៍របស់ថៃបដិសេធ
បរទេស៖ ការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃបានបដិសេធយ៉ាងដាច់អហង្ការនូវរបាយការណ៍ថាមានជនជាតិកូរ៉េខាងត្បូងចំនួន ១១ នាក់ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសថៃ ដោយក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ៧ នាក់បានចាកចេញពីប្រទេសថៃរួចហើយ ឬមិនដែលចូលទាល់តែសោះ។
យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ថា ភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងចំនួនពីរ គឺ The Korea Herald និង The Korea Economic Daily បានចេញផ្សាយរបាយការណ៍ដែលអះអាងថា ពលរដ្ឋកូរ៉េខាងត្បូង ១១ នាក់ត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសថៃ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមភ្ញៀវទេសចរបរទេស និងចោទជាសំណួរអំពីសន្តិសុខរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរ។
ក្រោយការស៊ើបអង្កេតរបស់ស្នងការនគរបាលអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក Phanumart Boonyalak ស្នងការរង និងជាអ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ ឧត្តមសេនីយទោ Choengron Rimpadee បានប្រកាសពីការរកឃើញនេះកាលពីថ្ងៃច័ន្ទ ដោយបង្ហាញពីភាពខុសគ្នាសំខាន់ៗជាមួយនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
ប្រែសម្រួលៈ ណៃ តុលា
