លោក Trump ធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ខណៈពេលដែលប្រទេសកូរ៉េខាងជើងនិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបង្កើនសមត្ថភាពយោធាខ្លួន
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បន្តដំណើរនៅតំបន់អាស៊ីនៅថ្ងៃពុធ ជាទីដែលលោកនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ក្នុងទីក្រុង Gyeongju ទីក្រុងប្រវត្តិសាស្ត្រដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីការទាក់ទាញដ៏ខ្លាំងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសជប៉ុនដែលឈានដល់ការប្តេជ្ញាចិត្តវិនិយោគចំនួន ៤៩០ ពាន់លានដុល្លារ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងហាក់ដូចជាមានភាពស្រពិចស្រពិលនៅពេលដែលលោក Trump ស្វែងរកការវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចរបស់លោក Trump ធ្វើឡើង នៅពេលដែលប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបាញ់មីស៊ីលពីសមុទ្រទៅដីចូលទៅក្នុងដែនទឹកភាគខាងលិចរបស់ខ្លួន ដែលជាការបង្ហាញមួយផ្សេងទៀតនៃសមត្ថភាពយោធាដែលកំពុងកើនឡើងរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
