ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលមហាអំណាចអាមេរិក-ចិន​ នឹងជួបគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង

ប៉េកាំង៖​ ដូចដែលបានព្រមព្រៀងគ្នារវាងប្រទេសចិន និងសហរដ្ឋអាមេរិក ប្រធានាធិបតីចនលោក​ ស៊ី ជីនពីង នឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េនៅថ្ងៃទី៣០​ ខែតុលា ម៉ោងក្នុងស្រុក ដើម្បីផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។

ក្រៅពីជំនួបនេះ​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា លោកទំនងជានឹងកាត់បន្ថយពន្ធរបស់រដ្ឋបាលលោកចំនួន ២០ភាគរយដែលដាក់លើទំនិញចិនលើសារធាតុ​ fentanyl ហើយរំពឹងថា​ នឹងមាន “លទ្ធផលល្អណាស់” នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង​នៅចុងសប្តាហ៍នេះ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងដំណើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង លោក ដូណាល់​ ត្រាំ បានេីកឡេីងថា លោកឥឡូវនេះចង់ផ្តោតលើប្រទេសចិន ប៉ុន្តែសង្ឃឹមថានឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម​ ជុងអ៊ុន “នៅចំណុចណាមួយក្នុងពេលអនាគតដ៏ខ្លីខាងមុខ”។

ដោយហៅដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសម៉ាឡេស៊ី និងជប៉ុនថា “ពិតជាអស្ចារ្យណាស់” លោកបានពណ៌នាអំពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោកស្រី​ Sanae Takaichi ថាជា “ស្ត្រីដ៏អស្ចារ្យ” ដែល “មុតស្រួច ឆ្លាតណាស់ និងស្វាហាប់ណាស់”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top