«ការទូតប្រមុខរដ្ឋ» របស់ចិន នឹងបំពេញបន្ថែមភាព ប្រាកដប្រជា សម្រាប់ការអភិវឌ្ឍ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក
APEC ជាពាក្យហៅកាត់ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(Asia-Pacific Economic Cooperation) ជាអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច ដែលមានកម្រិតខ្ពស់បំផុត ពាក់ព័ន្ធវិស័យធំទូលាយបំផុត និងមានឥទ្ធិពលខ្លាំងបំផុត នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ជាធម្មតា កិច្ចប្រជុំក្រៅផ្លូវការ នៃថ្នាក់ដឹកនាំ APEC នឹងប្រារព្ធធ្វើមួយឆ្នាំម្តង ។ ដោយឡែក កិច្ចប្រជុំ APEC ឆ្នាំនេះនឹងប្រារព្ធធ្វើ នៅប្រទេសកូរ៉េខាងត្បូង ដែលនឹងមានការចូលរួម ពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល នៃប្រទេសជាច្រើន បូករួមទាំងប្រមុខរដ្ឋចិនលោក ស៊ី ជីនភីង ។
តើ«ការទូតប្រមុខរដ្ឋ» របស់ចិនលើកនេះ នឹងដើរតួនាទីអ្វីខ្លះ?

ទី១, ពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រ ។ ពិតណាស់ កិច្ចជំនួបទ្វេភាគី រវាងប្រមុខរដ្ឋចិននិងប្រមុខរដ្ឋ-រដ្ឋាភិបាល នៃបណ្តាប្រទេស ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ជាឱកាសមួយសម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀត ។ ប្រទេសចិនប្រកាន់ខ្ជាប់ នូវគោលនយោបាយការទូតសន្តិភាព អភិវឌ្ឍន៍ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ក៏ដូចជាគោលគំនិតការទូត ជាមួយប្រទេសជិត ខាងបែបសុខដុមរមនា , ស្មោះត្រង់ , ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងបរិយាបន្ន ដែលជំរុញឱ្យប្រទេសចិន កសាងចំណងមេត្រីភាព ជាមួយគ្រប់ប្រទេសមិនថា ជាប្រទេសធំឬតូច មានឬក្រក្តី ។
កិច្ចជំនួបកំពូល រវាងប្រមុខរដ្ឋចិន និងថ្នាក់ដឹកនាំ នៃប្រទេសមហាអំណាចមួយចំនួន ជាពិសេសលោក ត្រាំ ប្រធានាធិបតីអាមេរិក ត្រូវបានសហគមន៍ អន្តរជាតិរំពឹងទុកយ៉ាងខ្លាំង និងចាំអ៊ុតមើលថា តើនឹងទទួលបានផ្លែផ្កា ឬអត់ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលរាំងស្កាត់ដល់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដូចជាការគំរាមកំហែង ខាងសន្តិសុខ បម្រែបម្រួលអាកាសធាតុ និងពន្ធគយជាដើម ។
ទី២, គូសបញ្ជាក់ពីគោលជំហររបស់ចិន ក្នុងការគាំពារពាណិជ្ជកម្មសេរី និងពហុភាគីនិយម ។ បច្ចុប្បន្ន ឯកតោភាគីនិយម និងគាំពារនិយមបាន និងកំពុងងើបឡើង យ៉ាងគឃ្លើន ពិសេស «របាំងពន្ធគយ» និង«របាំងពាណិជ្ជកម្ម»ថ្មី បានបង្កជាការព្រួយបារម្ភ សម្រាប់សហគមន៍អន្តរជាតិ ។ អនុលោមតាមគោលការណ៍សច្ចភាព ការធ្វើជំនួញ គឺដើម្បីផលប្រយោជន៍ទាំងសងខាង មិនមែនដើម្បីចំណេញតែឯង ឯអ្នកដទៃ ត្រូវខាតនោះទេ ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ត្រូវធ្វើឡើងតាមទម្រង់ឈ្នះ-ឈ្នះ តែមិនមែន ផលបូកសូន្យនោះទេ ។
ការដែលប្រទេសចិន ចូលរួមយ៉ាងសកម្មជាមួយអង្គការ សេដ្ឋកិច្ចនានា គឺដើម្បីចែករំលែកឱកាស អភិវឌ្ឍន៍ទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធ ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមរួម ក៏ដូចជាមូលមតិគ្នា ក្នុងការគាំពារពាណិជ្ជកម្មសេរី សកលភាវូបនីយកម្មសេដ្ឋកិច្ច និងពហុភាគីនិយម ដែលជាគន្លឹះសម្រាប់ជំរុញកំណើនរួម ។
ទី៣, គំនិតផ្តួចផ្តើមរបស់ចិននិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃបណ្តាប្រទេស ។ ពិតណាស់ កិច្ចសហប្រតិបត្តិការ មិនមែនសំដៅតែលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើគ្រប់វិស័យ ។ ក្នុងន័យនេះ ប្រមុខរដ្ឋចិនលោក ស៊ី ជីនភីង បានលើកឡើងគំនិតផ្តួចផ្តើមរបស់ចិនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នមានគំនិតផ្តួចផ្តើមសកលទាំង៤ ពោលគឺ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមអរិយធម៌សកល , គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អភិបាលកិច្ចសកល ។ គំនិតផ្តួចផ្តើមទាំងនេះ បានគ្របដណ្តប់លើគ្រប់វិស័យ ដែលទទួលបានការគាំទ្រ និងទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ ។
តួយ៉ាងដូចជាគំនិតផ្តួចផ្តើម សន្តិសុខសកល ដែលផ្តួចផ្តើមឱ្យគោរពអធិបតេយ្យភាព ដែនដី និងបូរណភាពទឹកដី នៃបណ្តាប្រទេស ដោះស្រាយការខ្វែងគំនិត និងជម្លោះរវាងប្រទេស និងប្រទេសតាមសន្តិវិធី រួមគ្នាគាំពារសន្តិសុខសាយប័រ និងរួមគ្នាប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែង ពីភេរកម្មជាដើម ។
៤, ពាំនាំយកកាលានុវត្តភាពរបស់ចិនទៅចែករំលែកជាមួយបណ្តាប្រទេសនានា ។ ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក ដែលមានឧត្តមភាពទាំងផ្នែកទីផ្សារ ធនធាន និងការប្រើប្រាស់ ។ បច្ចុប្បន្ន ការធ្វើបរិវត្តកម្មឌីជីថលនៅប្រទេសចិនបាននិងកំពុងបណ្តុះធុរកិច្ចថ្មីជាច្រើន ដែលជាឱកាសថ្មីសម្រាប់ការវិនិយោគនិងធ្វើអាជីវកម្ម ។ ផ្អែកលើការកសាងទីផ្សារជាតិបង្រួបបង្រួម (a unified national market) ដែលបើកច្រកចូលទីផ្សារកាន់តែធំ កាន់តែមានបទដ្ឋាន ស្ថិរភាព និងនិយតកម្ម មិនថាវិនិយោគិនសម្លឹងឃើញធុរកិច្ចប្រពៃណីឬធុរកិច្ចងើបឡើងថ្មីនោះទេ សុទ្ធសឹងតែជា ឱកាសធុរកិច្ចនិង វិនិយោគដ៏ល្អសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ។
សន្ទុះងើបឡើង នៃការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត និងឧស្សាហកម្មនាពេលអនាគតដូចជា កង់ទិច , ប្រព័ន្ធ6G , រ៉ូបូតរូបរាងមនុស្ស និងថាមពលថ្មីជាដើមនៅក្នុងប្រទេសចិន នឹងបើកឱកាសថ្មី ជូនពិភពលោកសម្រាប់ចែករំលែកផលលាភទាំងនេះ ដែលស្របតាមការលើកឡើង របស់ថ្នាក់ដឹកនាំចិន ពោលគឺ «ឱកាសអភិវឌ្ឍន៍របស់ចិន ជាឱកាសអភិវឌ្ឍន៍របស់ពិភពលោក» ។
គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលទើបបិទបញ្ចប់បានដាក់ចេញនូវ«ផែនការ៥ ឆ្នាំទី១៥»ដែលជាផែនការគោល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិក្នុងរយៈពេល៥ ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅការសម្រេច បាននូវសង្គមនិយមទំនើបជាមូលដ្ឋានក្នុងឆ្នាំ២០៣៥ ដែលមានន័យថា ចិនមានផែនការដ៏ពេញ លេញសម្រាប់ការអភិវឌ្ឍក្នុងរយៈពេលមធ្យមនិងវែង ទាំងនេះជាបទពិសោធដ៏មានតម្លៃសម្រាប់ផ្លាស់ប្តូរជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ។
ជារួម ក្នុងបរិបទដែលពិភពលោកបច្ចុប្បន្ន បាននិងកំពុងប្រឈមនឹងភាពរង្គោះរង្គើនិងភាពចាក់ស្រេះដ៏ស្មុគស្មាញ គឺទាមទារឱ្យមានអ្នកនាំមុខក្នុងការ ប្រមូលផ្តុំពុទ្ធិនិងកម្លាំងសកល ដើម្បីស្វែងរកដំណោះស្រាយកង្វល់រួម និងបំពេញបន្ថែមភាពប្រាកដប្រជា សម្រាប់ពិភពលោក ។ ក្នុងន័យនេះ តាមរយៈវត្តមានក្នុងកិច្ច ប្រជុំ APEC លើកនេះ ប្រមុខរដ្ឋចិន នឹងពាំនាំនូវ «ផែនការចិន» សម្រាប់ចែករំលែក ជាមួយបណ្តាប្រទេស ដែលនឹងត្រួសត្រាយផ្លូវ ទៅរកការកសាង សហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
