យន្តហោះគ្មានមនុស្សបើកអាថ៌កំបាំងមួយគ្រឿង បានធ្លាក់នៅក្បែរមូលដ្ឋានទ័ពអាមេរិកជិតនឹងរុស្ស៊ី
បរទេស៖ យោធារបស់ប្រទេសអេស្តូនីបានប្រកាសថា យន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅជិតមូលដ្ឋានទ័ពអាមេរិកមួយកន្លែង នៅភាគអាគ្នេយ៍នៃប្រទេសអេស្តូនី ជិតព្រំដែនរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅ Camp Reedo ដែលជាម្ចាស់ផ្ទះកងវរសេនាធំទី ៥ របស់កងទ័ពសហរដ្ឋអាមេរិក។ អង្គភាពនេះបានមកដល់ក្នុងខែកុម្ភៈ ដើម្បីជំនួសទាហានពីកងវរសេនាធំថ្មើរជើងទី៣០។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអេស្តូនី លោកស្រី Liis Vaksmann បានប្រាប់ Postimees កាលពីថ្ងៃអង្គារថា “សម្ព័ន្ធមិត្តបានរកឃើញយន្តហោះគ្មានមនុស្សបើកដែលកំពុងហោះហើរនៅក្នុងបរិវេណនៃកងពលតូចថ្មើរជើងទី ២ នៅម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី ១៧ ខែតុលា។ លោកស្រីបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក ដែលធ្លាក់នោះមិនត្រូវបានរកឃើញទេ។
អង្គការណាតូបានបញ្ជូនយន្តហោះចម្បាំងបន្ថែម ដើម្បីល្បាតនៅផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីប្រទេសប៉ូឡូញបានចោទរុស្ស៊ីថា បានរំលោភលើដែនអាកាសរបស់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងកាលពីថ្ងៃទី៩ ខែកញ្ញា។
ក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយសប្តាហ៍ក្រោយមក នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បាននិយាយថា ជនជាតិបេឡារុស្សពីរនាក់ត្រូវបានឃុំខ្លួនពីបទហោះហើរ យន្តហោះគ្មានមនុស្សបើក ពីលើអគាររដ្ឋាភិបាលក្នុងទីក្រុង Warsaw ។ ចំណែកទីក្រុងម៉ូស្គូបានបដិសេធការជាប់ពាក់ព័ន្ធនៅក្នុងករណីទាំងពីរនេះ៕
ប្រែសម្រួលៈ ណៃ តុលា
