ព័ត៌មានអន្តរជាតិ

ថៃបញ្ជូនតំណាង ទៅប្រទេសវៀតណាម ដើម្បីសុំទោស ចំពោះការច្រឡំ ទង់ជាតិរបស់ចិន

បរទេស៖ គណៈប្រតិភូសមាគមកីឡាបាល់ទាត់ថៃ រួមទាំងអនុប្រធាន Adisak Benjasiriwan នឹងមកដល់ទីក្រុងហាណូយ ដើម្បីសុំទោស ចំពោះការបង្ហាញទង់ជាតិចិន ជំនួសឲ្យប្រទេសវៀតណាម ក្នុងការប្រកួតដណ្តើមពានរង្វាន់ ASEAN U19 Boys’ Futsal Championship។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការចាប់ឆ្នោត ដែលធ្វើឡើងដោយ FAT នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអង្គារ ការចាប់ឆ្នោត របស់ប្រទេសវៀតណាម គឺជារូបភាពទង់ជាតិ របស់ប្រទេសចិនទៅវិញ ដែលធ្វើឲ្យអ្នកទស្សនា និងអ្នកសារព័ត៌មានជាច្រើនកំពុង មើលតាមអ៊ីនធឺណិត មានការភ្ញាក់ផ្អើល។

វីដេអូនៃពិធីនេះក្រោយមកត្រូវ បានដកចេញពីវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គមរបស់ FAT ។

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ជូនជាបន្ទាន់ទៅ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) និង FAT នៅពេលក្រោយកាលពីថ្ងៃអង្គារ ដោយជំទាស់ និងស្នើសុំការបំភ្លឺអំពីឧប្បត្តិហេតុនេះ ។ យោងតាម VFF ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរនេះអាចប៉ះពាល់ ដល់មុខមាត់វៀតណាម និងប៉ះពាល់អវិជ្ជមាន ដល់សាមគ្គីភាពអាស៊ាន។

FAT បានចេញសេចក្តីប្រកាសព័ត៌មានមួយទាំងយប់ ហើយក៏បានគូសបញ្ជាក់ ពីជំហានដើម្បីដោះស្រាយស្ថានការណ៍នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អនុប្រធាន Benjasiriwan ដែលទទួលបន្ទុកកីឡា ហ្វូតសាល និងបាល់ទាត់ឆ្នេរខ្សាច់ បានសម្តែងការសុំទោសដោយស្មោះចំពោះ សហព័ន្ធកីឡាបាល់ ទាត់វៀតណាម (VFF) និងប្រជាជនវៀតណាម ចំពោះឧប្បត្តិហេតុ អកុសលនេះ។

លោកបាននិយាយថា FAT បានបង្កើត គណៈកម្មាធិការស៊ើបអង្កេត ពិសេសមួយ ដើម្បីបញ្ជាក់ពីការទទួលខុសត្រូវ របស់បុគ្គលដែលពាក់ព័ន្ធ។ លទ្ធផលដំបូងកំណត់ថា កំហុសមកពីអ្នករៀបចំព្រឹត្តិការណ៍ មិនមែនជា AFF ឬ FAT ទេ នេះបើតាម Matichon។

ការចេញផ្សាយនេះបាននិយាយថា “យើងសង្ឃឹម ដោយស្មោះថា VFF និងប្រជាជនវៀតណាមនឹងទទួលយកការសុំទោស និងអភ័យទោស ចំពោះកំហុសអចេតនានេះ” ។ នេះជាកំហុសមនុស្ស គ្មានចេតនាមិនគោរពប្រទេស វៀតណាមជាដាច់ខាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top