មនុស្ស ១៣៣នាក់លង់ទឹកស្លាប់ក្នុងពិធីបុណ្យហិណ្ឌូ នៅប្រទេសឥណ្ឌា
ញូវដេលី៖ យ៉ាងហោចណាស់មនុស្ស ១៣៣នាក់លង់ទឹកស្លាប់ និងមនុស្សជាច្រើននាក់ទៀតបាត់ខ្លួននៅក្នុងរដ្ឋប៊ីហារ និងរដ្ឋចាខាន់ ភាគខាងកើតប្រទេសឥណ្ឌា ក្នុងអំឡុងពេលពិធីបុណ្យហិណ្ឌូ Chhath Puja នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
នៅរដ្ឋប៊ីហារ មនុស្ស ១០៨នាក់បានបាត់បង់ជីវិតដោយសារលង់ទឹក និង ១០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន។ នៅក្នុងតំបន់ជិតខាងនៃរដ្ឋចាខាន់ ចំនួនអ្នកស្លាប់បែបនេះគឺ ២៥នាក់។
ការលង់ទឹកបានកើតឡើងនៅក្នុងទន្លេ និងប្រភពទឹកផ្សេងទៀតនៅទូទាំងស្រុកផ្សេងៗនៃរដ្ឋទាំងនេះក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យនេះ។រដ្ឋាភិបាលក្នុងតំបន់បានដាក់ពង្រាយកម្លាំងឆ្លើយតបគ្រោះមហន្តរាយ ដើម្បីតាមដានអ្នកបាត់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកមុជទឹក និងក្រុមប៉ូលីសកំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ អាជ្ញាធរបានជំរុញឱ្យអ្នកកាន់សាសនាប្រុងប្រយ័ត្ននៅមាត់ទន្លេ និងជៀសវាងការចូលទៅក្នុងទឹកជ្រៅក្នុងអំឡុងពេលងូតទឹកក្នុងពិធីសាសនា៕
ប្រែសម្រួល ឈូក បូរ៉ា
