រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បំពេញទស្សនកិច្ចនៅស៊ីរី និងប្តេជ្ញាចិត្តគាំទ្រដល់ការរៀបចំប្រទេសឡើងវិញ
 
																						
											
											
											បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដំណើរទស្សនកិច្ចទៅកាន់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់របស់លោក Johann Wadephul បានជួបជាមួយមេដឹកនាំបណ្តោះអាសន្នស៊ីរី Ahmed al-Sharaa និងប្រធានកិច្ចការបរទេស Asaad Hassan al-Shibani ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសស៊ីរីផងដែរ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ លោក Wadephul បាននិយាយថា ប្រទេសស៊ីរីកំពុងឈានចូលដំណាក់កាលសម្រេចចិត្តមួយនៃការកសាងឡើងវិញ ដែលត្រូវតែធានានូវ សេចក្តីថ្លៃថ្នូរ និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ដោយមិនគិតពីភេទ សាសនា ជនជាតិភាគតិច ឬសាវតាសង្គមឡើយ។
លោក Wadephul បានកត់សម្គាល់ពីសក្តានុពលរបស់ប្រទេសស៊ីរីក្នុងការក្លាយជា រដ្ឋដ៏សំខាន តភ្ជាប់តំបន់ឈូងសមុទ្រ និងសមុទ្រមេឌីទែរ៉ាណេ ដោយបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការលើកនេះ។
កិច្ចប្រជុំបានផ្តោតលើការបង្កើតក្រុមប្រឹក្សាធុរកិច្ចស៊ីរី-អាល្លឺម៉ង់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសវិនិយោគ។
បន្ថែមពីនេះអាល្លឺម៉ង់បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះឯកភាព និងអធិបតេយ្យភាពរបស់ស៊ីរី ហើយបានសម្តែងការត្រៀមខ្លួនជាស្រេចក្នុងការជួយក្នុងការកសាងឡើងវិញ ការអប់រំ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងយុត្តិធម៌អន្តរកាលរបស់ស៊ីរីផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									