ព្រឹទ្ធសភាអាមេរិក បោះឆ្នោតលុបចោលពន្ធសកលរបស់លោក Donald Trump
 
																						
											
											
											បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបោះឆ្នោតនេះគឺជានិមិត្តរូប ខណៈដែលសភាអាមេរិកបានអនុម័តច្បាប់ប្រឆាំងនឹងច្បាប់ដើម្បីរារាំងពន្ធគយរបស់លោក Trump រហូតដល់ខែមីនា, នេះបើយោងតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
ខណៈពេលដែលគណបក្សសាធារណរដ្ឋភាគច្រើន បានបោះឆ្នោតប្រឆាំងនឹងវិធានការនេះ មន្រ្តីគណបក្សសាធារណរដ្ឋចំនួនបួនរូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យដើម្បីបោះឆ្នោតសម្រាប់ការបញ្ចប់ភាពអាសន្នជាតិ។
កាលពីដើមសប្តាហ៍នេះ ព្រឹទ្ធសភាដោយមានការគាំទ្រទ្វេភាគី បានអនុម័តសេចក្តីសម្រេចពីរផ្សេងទៀតដែលមានគោលបំណងលុបបំបាត់ពន្ធលើទំនិញពីប្រទេសកាណាដា និងប្រេស៊ីលរៀងៗខ្លួន។ នេះបង្ហាញថា សមាជិកសភាអាមេរិកកាន់តែច្រើនមិនយល់ស្របនឹងការប្រើប្រាស់ពន្ធគយដ៏គឃ្លើនរបស់រដ្ឋបាលលោក Trump ដើម្បីធ្វើការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកឡើងវិញ។
ដោយប្រកាសភាពអាសន្នអន្តរជាតិជុំវិញ “ឱនភាពពាណិជ្ជកម្មដ៏ធំ និងជាប់លាប់” នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ លោក Trump បានដាក់ពន្ធ ១០ ភាគរយលើប្រទេសទាំងអស់ និងពន្ធបន្ថែម “ទៅវិញទៅមក” លើប្រទេសដែលមានអតុល្យភាពពាណិជ្ជកម្មធំបំផុតជាមួយសហរដ្ឋអាមេរិកនៅដើមខែមេសា៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									