រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន មុនពេលផ្អាកជំនួយស្បៀងអាហាររបស់សហព័ន្ធ
 
																						
											
											
											បរទេស៖ រដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន មុនពេលការផ្អាកជំនួយស្បៀងអាហាររបស់សហព័ន្ធដែលបណ្តាលមកពីការបិទរដ្ឋាភិបាលដែលកំពុងបន្ត។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋ Kathy Hochul បានប្រកាសផ្តល់ថវិការដ្ឋថ្មីចំនួន ៦៥ លានដុល្លារអាមេរិក សម្រាប់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ និងបានសន្យាថា នឹងផ្តល់អាហារក្នុងទំហំទឹកប្រាក់ចំនួន ៤០ លានដល់ប្រជាជនញូវយ៉ក។
ការបិទរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកដែលអូសបន្លាយពេល គឺកំពុងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃការបាត់បង់អត្ថប្រយោជន៍ផ្នែកអាហាររបស់ពួកគេ ឬកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) ដែលជាខ្សែជីវិតដ៏សំខាន់សម្រាប់គ្រួសារដែលមានចំណូលទាប។
កាលពីដើមខែនេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានប្រាប់ទីភ្នាក់ងាររដ្ឋឱ្យផ្អាកការចែកចាយអត្ថប្រយោជន៍ខែវិច្ឆិកា “រហូតដល់មានការជូនដំណឹងបន្ថែម” ដោយសារតែមូលនិធិមិនគ្រប់គ្រាន់។
លោក Hochul បាននិយាយថា “នៅពេលដែលការបិទរដ្ឋាភិបាលសហព័ន្ធ GOP នៅតែបន្ត, រដ្ឋបាលលោក Trump បានបដិសេធមិនបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់របស់សហព័ន្ធ ដែលអនុម័តដោយច្បាប់រាប់ពាន់លានដែលនឹងដោះស្រាយវិបត្តិនេះនៅក្នុងរដ្ឋនានាទូទាំងប្រទេស” ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋជាច្រើនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាអ្នកទទួល SNAP អាចមានលទ្ធភាពទិញអាហារក្នុងខែវិច្ឆិកា៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									