អនុប្រធានាធិបតីអាមេរិក មិនទាន់បញ្ជាក់ថាតើការសាកល្បងនុយក្លេអ៊ែរប្រភេទណាដែលអាមេរិកនឹងធ្វើនោះទេ ក្រោយពីលោក Donald Trump បានប្រកាស
 
																						
											
											
											បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បាននិយាយថា ការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ដោយទីក្រុងវ៉ាស៊ីនតោន គឺទាមទារដើម្បីធានាថា អាវុធនៅតែដំណើរការ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណ ចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរ ដោយលើកឡើងពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងចិន។ លោកបាននិយាយថា “ដំណើរការនោះនឹងចាប់ផ្តើមភ្លាមៗ” ជាការឆ្លើយតបទៅនឹង “កម្មវិធីសាកល្បងរបស់ប្រទេសផ្សេងៗ” ។
លោក Vance បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃក្រោយថា “វាជាផ្នែកមួយដ៏សំខាន់នៃសន្តិសុខជាតិរបស់អាមេរិក ដើម្បីធ្វើឱ្យប្រាកដថា ឃ្លាំងអាវុធនុយក្លេអ៊ែរនេះមានដំណើរការយ៉ាងត្រឹមត្រូវ ហើយនោះគឺជាផ្នែកនៃរបបសាកល្បង”។ លោក Vance មិនបានបញ្ជាក់លម្អិតថាតើការសាកល្បងនុយក្លេអ៊ែរប្រភេទណាដែលអាមេរិកនឹងធ្វើនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រតិកម្មទៅនឹងការប្រកាសរបស់លោក Trump ដោយកត់សម្គាល់ “សេចក្តីថ្លែងការណ៍របស់ [ប្រធានាធិបតីរុស្ស៊ី Vladimir] Putin ដែលបានធ្វើឡើងម្តងហើយម្តងទៀតថា ពិតណាស់ ប្រសិនបើនរណាម្នាក់បោះបង់ការផ្អាក [លើការសាកល្បងនុយក្លេអ៊ែរ] នោះរុស្ស៊ីនឹងធ្វើទៅតាមនោះ”៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									