ព័ត៌មានអន្តរជាតិ

តួកគី នឹងបន្តការចរចាជាមួយកាតា និងអូម៉ង់ សម្រាប់ការទិញយន្តហោះចម្បាំង Eurofighter បន្ថែមទៀត

អង់ការ៉ា៖ តួកគី បានឲ្យដឹងថា ការពិភាក្សាកំពុងដំណើរការជាមួយកាតា និងអូម៉ង់ ដើម្បីទិញយន្តហោះចម្បាំង Eurofighter Typhoon បន្ថែម បន្ទាប់ពីកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលបានចុះហត្ថលេខាជាមួយចក្រភពអង់គ្លេសកាលពីដើមសប្តាហ៍នេះ ដើម្បីទទួលបានយន្តហោះចម្បាំងថ្មីចំនួន ២០ គ្រឿង។

អ្នកនាំពាក្យក្រសួងការពារជាតិតួកគី លោក Zeki Akturk បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ការងារក៏កំពុងបន្តលើការទិញយន្តហោះចម្បាំង Eurofighter Typhoon ពីកាតា និងអូម៉ង់ ដើម្បីបំពេញតាមតម្រូវការប្រតិបត្តិការរបស់បញ្ជាការកងទ័ពអាកាសរបស់យើង”។

កាលពីថ្ងៃចន្ទ តួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះចម្បាំង Eurofighter Typhoon ថ្មីចំនួន ២០ គ្រឿងពីចក្រភពអង់គ្លេស ក្នុងតម្លៃ ៨ ពាន់លានផោន (១០.៦៤ ពាន់លានដុល្លារអាមេរិក) ខណៈដែលទីក្រុងអង់ការ៉ា កំពុងស្វែងរកការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ក្នុងចំណោមទេសភាពតំបន់ដ៏ច្របូកច្របល់។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់អាល្លឺម៉ង់ ដែលបានរាយការណ៍ថា លុបចោលការជំទាស់យូរអង្វែងរបស់ខ្លួនចំពោះការលក់យន្តហោះចម្បាំងនេះទៅឱ្យតួកគី។ កាលពីសប្តាហ៍មុន ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើដំណើរទៅកាន់ប្រទេសឈូងសមុទ្រចំនួនបី និងបានធ្វើកិច្ចពិភាក្សាអំពីលទ្ធភាពនៃការទិញយន្តហោះចម្បាំង Typhoon ដែលបានប្រើប្រាស់រួចពីកាតា និងអូម៉ង់។

រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Yasar Guler បានប្រកាសថា ប្រទេសនេះមានគម្រោងទិញយន្តហោះចម្បាំង Eurofighter Typhoon សរុបចំនួន ៤៤គ្រឿង ក្នុងនោះ ១២គ្រឿងមកពីប្រទេសកាតា ១២គ្រឿងមកពីប្រទេសអូម៉ង់ និង ២០គ្រឿងមកពីចក្រភពអង់គ្លេស ដោយការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top