ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធថា លោកមិនបានរៀបចំផែនការ​ វាយប្រហារនៅក្នុងប្រទេស វេណេហ្ស៊ុយអេឡានោះទេ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធថា លោកមិនបានរៀបចំផែនការ វាយប្រហារនៅក្នុងប្រទេស វេណេហ្ស៊ុយអេឡា ដែលជារដ្ឋាភិបាលឆ្វេងនិយម ដែលលោកបានចោទប្រកាន់ថា គាំទ្រក្រុមឧក្រិដ្ឋជន “គ្រឿងញៀន” នោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជា ច្រើនបានរាយការណ៍ថា សេតវិមានកំពុងថ្លឹងថ្លែង នូវប្រតិបត្តិការដ៏មានសក្តានុពល នៅលើដីវេណេហ្ស៊ុយអេឡា ដោយកាសែត The Wall Street Journal បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានកំណត់គោលដៅ រួមទាំង “កន្លែងយោធាដែលប្រើ ដើម្បីរត់ពន្ធគ្រឿងញៀន”។

នៅពេលសួរអំពីរបាយការណ៍ទាំងនេះនៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា “ទេ វាមិនពិតទេ”។

ចាប់តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិកបានបំផ្លាញកប៉ាល់ដែលត្រូវបានគេចោទប្រកាន់យ៉ាងតិចចំនួន ១៤ គ្រឿងនៅតំបន់ការ៉ាប៊ីន ដោយបានសម្លាប់មនុស្សជាង ៦១ នាក់ នេះបើយោងតាមសារព័ត៌មាន ​​Reuters ។

លោក Trump បានបញ្ជូនយន្តហោះចម្បាំងទៅកាន់តំបន់ រួមទាំងនាវាផ្ទុកយន្តហោះ USS Gerald R. Ford និងប្រតិបត្តិការសម្ងាត់ CIA ដែលត្រូវបានអនុញ្ញាតប្រតិបត្តិការ ក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ កាលពីពេលថ្មីៗនេះ លោកបាននិយាយថា សហរដ្ឋអាមេរិកអាច នឹងត្រូវវាយប្រហារគោលដៅនៅលើដីជាយថាហេតុ ប៉ុន្តែបានបដិសេធ ការស្វែងរកការផ្តួលរំលំប្រធានាធិបតី Nicolas Maduro ដែល FBI បានដាក់ក្នុងបញ្ជីចង់បានរបស់ខ្លួន៕

ប្រែប្រួលៈ ណៃ តុលា

To Top