ព័ត៌មានអន្តរជាតិ

ឥណ្ឌា ​ដែលជាប្រទេសប្រើប្រាស់ប្រេងធំ ជាងគេទីបីរបស់ពិភពលោក កំពុង​សិក្សា​ពី​ឥទ្ធិពល ​នៃ​ទណ្ឌកម្ម​របស់​អាមេរិក ​លើ​ក្រុមហ៊ុន​ប្រេង​យក្ស​រុស្ស៊ី

បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយក្នុងអំឡុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាកំពុងវិភាគឥទ្ធិពល នៃទណ្ឌកម្មថ្មីលើក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft និង Lukoil ហើយនឹងធ្វើសកម្មភាព ដោយផ្អែកលើស្ថានភាពដែលវិវត្តន៍ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ទាំង​ពីរ​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំនួន ​នៅ​ចុង​ខែ​តុលា ។ បន្ទាប់មក សហភាពអឺរ៉ុបក៏បានអនុវត្តជាផ្លូវការនូវកញ្ចប់ទណ្ឌកម្មទី១៩ របស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូ ដោយផ្តោតលើនាវា ដឹកប្រេងជាង ១០០ គ្រឿង ព្រមទាំងបុគ្គល និងអង្គភាពបន្ថែម។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានមានប្រសាសន៍ថា “យើងកំពុងសិក្សាពីផលប៉ះពាល់នៃទណ្ឌកម្មទាំងនោះ។ លោកបានបន្ថែមថា “យើងធ្វើការសម្រេចចិត្ត ដោយពិចារណា លើការផ្លាស់ប្តូរនៃទីផ្សារពិភពលោក” ។

អ្នកនាំពាក្យរូបនេះបានបន្តថា “ប្រទេសឥណ្ឌាត្រូវបានដឹកនាំដោយការចាំបាច់ ដើម្បីធានាបាននូវថាមពលដែលមានតម្លៃ សមរម្យពីប្រភពផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការសន្តិសុខ ថាមពលរបស់ប្រជាជន ១,៤ ពាន់លាននាក់របស់យើង” ។

សូមជម្រាបថា ប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់ប្រេងធំ ជាងគេទីបី របស់ពិភពលោក បានបង្កើនការនាំចូលប្រេងពីរុស្ស៊ី យ៉ាងច្រើនចាប់ តាំងពីឆ្នាំ២០២២ ។ គិតត្រឹមខែកញ្ញា ប្រទេសរុស្ស៊ីមានចំនួន 34% នៃការនាំចូលសរុបរបស់ប្រទេសឥណ្ឌា ដោយផ្អែកលើទិន្នន័យពី Kpler ។ បច្ចុប្បន្ននេះ ប្រទេសនេះទទួលបានប្រេងជាមធ្យម ១,៨ លានបារ៉ែលពីរុស្ស៊ី ក្នុងមួយថ្ងៃ នេះបើយោងតាមអ្នកវិភាគ។

To Top