កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ ជឿជាក់ថា ការចាប់ផ្តើមនុយក្លេអ៊ែរឡើងវិញ នឹងត្រូវចំណាយពេលច្រើនឆ្នាំ
បរទេស៖កាសែត Washington Post បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ការបន្តការសាកល្បង នុយក្លេអ៊ែរនៅសហរដ្ឋអាមេរិក នឹងចំណាយពេលច្រើនឆ្នាំ និងចំណាយប្រាក់ រាប់រយលានដុល្លារអាមេរិក។
ទីតាំងសាកល្បងកន្លងមក ដូចជានៅរដ្ឋ Nevada ជាកន្លែងដែលសហរដ្ឋអាមេរិកបានធ្វើការបំផ្ទុះនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួនជាង៣ទសវត្សរ៍មុន ឥឡូវនេះប្រើប្រាស់ការរៀប ចំប្រព័ន្ធកុំព្យូទ័រជំនួសឱ្យការផ្ទុះផ្ទាល់ទៅវិញ។
លោកប្រធានាធិបតី Donald Trump នៅសប្តាហ៍នេះ បានប្រកាសថា លោកបាន ណែនាំក្រសួងសង្រ្គាម ឱ្យចាប់ផ្តើមសាកល្បងអាវុធ នុយក្លេអ៊ែររបស់អាមេរិកឡើងវិញ ដោយឈរលើមូលដ្ឋានស្មើគ្នា ជាមួយរុស្ស៊ី និងចិនហើយដោយប្រកាសថា ការរៀបចំនឹងចាប់ផ្តើមភ្លាមៗ។
មកដល់ពេលនេះនៅតែមិនទាន់ច្បាស់ថាតើគាត់កំពុងសំដៅទៅលើការបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីដែលប្រទេសណាមួយក្នុងចំណោមប្រទេសទាំងបីបានធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទីក្រុងមូស្គូបានព្រមានថា ការផ្ទុះនុយក្លេអ៊ែររបស់អាមេរិក ណាមួយនឹងជំរុញឱ្យមានការឆ្លើយតប ឲ្យសមស្របវិញផងដែរ។
កាសែតដដែលក៏បានចង្អុលបង្ហាញដែរថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនត្រូវបន្ត ភារកិច្ចនឹងមិនធ្លាក់ទៅមន្ទីរប៉ង់តាហ្គោនទេ ប៉ុន្តែទៅនាយកដ្ឋានថាមពល ជាពិសេសរដ្ឋបាលសន្តិសុខ នុយក្លេអ៊ែរជាតិNNSAដែលគ្រប់គ្រងកន្លែងសាកល្បង Nevada ។ អ្នកជំនាញបាននិយាយថា ការដំណើរការឡើងវិញ នៃការធ្វើតេស្តនៅទីនោះនឹង ក្លាយទៅជាការចំណាយដ៏សំខាន់៕
ប្រែសម្រួល៖ស៊ុនលី
