ព័ត៌មានអន្តរជាតិ

​ នាយករដ្ឋមន្រ្តីថមីជប៉ុន​ បញ្ជាក់ថា​ លោកស្រី​ មិនមានគម្រោងរំលាយសភា នោះទេ នាពេលបច្ចុប្បន្ននេះ

តូក្យូ៖​ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានឧ្យដឹងថា លោកស្រីមិនមានគម្រោងរំលាយសភា តំណាងរាស្ត្រនៅពេលនេះទេ ព្រោះលោកស្រីត្រូវផ្តោត លើគោលនយោបាយ​ ដែលលោកស្រីចាត់ទុកថា ជាអាទិភាពចម្បង រួមទាំងកញ្ចប់សេដ្ឋកិច្ចផងដែរ។

នាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ប្រទេសនេះ ក៏បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូងផងដែរ បន្ទាប់ពីសប្តាហ៍ដ៏មមាញឹក នៃដំណើរទស្សនកិច្ចក្រៅប្រទេស ដែលរួមមានកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក រហូតដល់ថ្ងៃសៅរ៍ថា លោកស្រីបាន “ចាប់ផ្តើមយ៉ាងរឹងមាំ” ក្នុងនាមជាមេដឹកនាំជប៉ុនក្នុងវិស័យការទូត។

ចាប់តាំងពីការចាប់ផ្តើមគណៈរដ្ឋមន្ត្រីរបស់លោកស្រី កាលពីសប្តាហ៍មុន លោកស្រី Takaichi បានជួបជាមួយមេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី បានទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ នៅប្រទេសជប៉ុន មុនពេលចូលរួមកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង ។

នៅក្នុងនោះដែរ​ លោកស្រីបានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង​ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC។

ដោយកត់សម្គាល់ថា លោកស្រីបានដាក់ “មូលដ្ឋានគ្រឹះដើម្បីជំរុញការទូតនាពេលអនាគត” ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ លោកស្រី Takaichi បានសន្យាថានឹងខិតខំពង្រឹងសម្ព័ន្ធភាពសន្តិសុខជប៉ុន-សហរដ្ឋអាមេរិក ដោយសម្រេចបាននូវ “តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ” និងជំរុញទំនាក់ទំនងនៃការជឿទុកចិត្តជាមួយសមភាគីក្នុងតំបន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top