រុស្ស៊ី ថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កម្លាំងយោធា ហួសហេតុរបស់អាមេរិក នៅក្នុងតំបន់ការីប៊ីន
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់កម្លាំងយោធា ហួសហេតុក្នុងអំឡុងពេលបេសកកម្ម ប្រឆាំងគ្រឿងញៀន នៅក្នុងតំបន់ការីប៊ីន។
លោកស្រី Zakharova បានឧ្យដឹងថា សកម្មភាពបែបនេះ រំលោភលើច្បាប់ក្នុងស្រុក និងអន្តរជាតិរបស់សហរដ្ឋអាមេរិក ដោយបន្ថែមថា ជំហរនេះត្រូវបានទទួលស្គាល់ ដោយតំណាង នៃប្រទេស និងអង្គការអន្តរជាតិមួយចំនួន រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោក Volker Turk។
លោកស្រីបានលេីកឡេីងថា “យើងបញ្ជាក់ជាថ្មីនូវការគាំទ្រ យ៉ាងមុតមាំរបស់យើងចំពោះថ្នាក់ដឹកនាំវេណេស៊ុយអេឡា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារអធិបតេយ្យភាពជាតិ”។
លោកស្រីបានបញ្ជាក់ថា “យើងតស៊ូមតិដើម្បីថែរក្សា តំបន់អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីនជាតំបន់សន្តិភាព” នេះបេីយោងតាមកាចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ជំហាននានាគឺត្រូវការជាចាំបាច់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងសម្រួលដល់ដំណោះស្រាយស្ថាបនាចំពោះបញ្ហា ដែលមានស្រាប់ស្រប តាមច្បាប់អន្តរជាតិ៕
