ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថាមិនទាន់មានការសម្រេចចិត្តណាមួយលើការវាយប្រហារតាមផ្លូវគោកនៅក្នុងប្រទេសវេណេស៊ុយអេឡានៅឡើយទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកមិនទាន់សម្រេចចិត្តនៅឡើយទេថាតើសហរដ្ឋអាមេរិក​ នឹងបើកការវាយប្រហារតាមផ្លូវគោកនៅក្នុងប្រទេសវេណេស៊ុយអេឡាឬអត់ ដែលផ្ទុយនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីការវាយប្រហារ​ ដែលកំពុងកើតឡើងលើមូលដ្ឋានយោធានៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានពេលកំពុងឡើងយន្តហោះ Air Force One នៅពេលសួរថាតើលោកបានធ្វើការសម្រេចចិត្តឬអត់។

មុននេះបន្តិច កាសែត Miami Herald បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ​ បានសម្រេចចិត្តបើកការវាយប្រហារប្រឆាំងនឹងមូលដ្ឋានយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលអាចកើតឡើង «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសូម្បីតែប៉ុន្មានម៉ោង»។

ចាប់តាំងពីថ្ងៃទី២​ ខែកញ្ញា កងកម្លាំងអាមេរិកបានលិចនាវាចំនួន ១៥គ្រឿងនៅក្នុងដែនទឹកអន្តរជាតិនៅតំបន់ការីប៊ីន​ និងប៉ាស៊ីហ្វិកខាងកើត ដែលត្រូវបានចោទប្រកាន់ថាកំពុងជួញដូរគ្រឿងញៀន ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៦១នាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់សម្តីសមាជិកសភាប្រជាធិបតេយ្យដែលបានចូលរួម មន្ត្រីមន្ទីរបញ្ចកោណបានទទួលស្គាល់ថា ពួកគេមិនដឹងពីអត្តសញ្ញាណរបស់មនុស្សទាំងអស់​ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនោះនៅក្នុងសន្និសីទសារព័ត៌មានសម្ងាត់មួយ​ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មាធិការមួយនៅសភាតំណាងរាស្ត្រ៕

To Top