ទុរេនរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនគិតជាតម្លៃជិត ១ពាន់លានដុល្លារ កាលពីខែកញ្ញា
បរទេស៖ ប្រទេសចិនក្នុងខែកញ្ញាបានចំណាយប្រាក់ជិត ១ ពាន់លានដុល្លារលើការនាំចូលទុរេនរបស់វៀតណាម ដោយបានកើនឡើង 68% ធៀបនឹងខែមុន និងស្មើនឹង 94% នៃតម្លៃដឹកជញ្ជូនផ្លែឈើសរុប។ នេះជាខែទីបីជាប់ៗគ្នាដែលចិនបានបង្កើនការទិញទុរេនវៀតណាមយ៉ាងខ្លាំង បន្ទាប់ពីមានការធ្លាក់ចុះដោយសារ ការរឹតបន្តឹងការត្រួតពិនិត្យគុណភាពនេះ។ នេះបើតាមគយវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំបួនខែដំបូង ប្រទេសចិនបានរក្សាជំហររបស់ខ្លួន ជាអ្នកនាំចូលទុរេនវៀតណាមដ៏លេចធ្លោដោយទិញបាន ២,៥៩ ពាន់លានដុល្លារនៃចំនួនសរុប ២,៩ ពាន់លានដុល្លារ។
ការនាំចេញទុរេនរបស់វៀតណាម បានចាប់ផ្តើមពង្រីកទៅកាន់ទីផ្សារថ្មីមួយចំនួន។ ការនាំចេញទៅហុងកុងបានកើនឡើង 84% ដល់ ៤២,៨ លានដុល្លារ ហើយការនាំចេញទៅកាន់តៃវ៉ាន់បានកើនឡើង 65% ដល់ ៣២ លានដុល្លារ។
កំណើន 45% និង 37% ត្រូវបានកត់ត្រានៅប៉ាពួញូហ្គីណេ និងសហរដ្ឋអាមេរិក រៀងគ្នា។ ប្រទេសម៉ាឡេស៊ីឈរលើគេដោយការនាំចេញកើនឡើង 650% បើទោះជាវានៅតែជាទីផ្សារតូចក៏ដោយ។
ផ្ទុយទៅវិញ ការនាំចេញទៅកាន់ប្រទេសថៃ ដែលជាទីផ្សារឆ្លងកាត់ដ៏សំខាន់មួយ បានធ្លាក់ចុះ 75% មកនៅត្រឹម ៣៣,៩ លានដុល្លារ ដោយកាត់បន្ថយចំណែកទីផ្សាររបស់ខ្លួនពី 4.7% ទៅ 1.2% ៕
ប្រែសម្រួលៈ ណៃ តុលា
