ម្ចាស់ពានរង្វាន់ណូបេលលោកស្រី Corina ចង់ឲ្យមានការវាយប្រហារលើប្រទេសកំណើតរបស់ខ្លួន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឥស្សរជនប្រឆាំងដ៏ល្បីឈ្មោះលោកស្រី Maria Corina Machado បាននិយាយថា ការបង្កើតយោធាអាមេរិកនៅឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា អាចជួយនាំមកនូវការផ្លាស់ប្តូររបប។
លោកស្រីដែលក៏ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះផងនោះ បានផ្តល់សញ្ញាថា លោកស្រីនឹងស្វាគមន៍ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសនេះ ប្រសិនបើពួកគេជួយដកតំណែងប្រធានាធិបតី Nicolas Maduroចេញពីទឹកដីកំណើតរបស់លោកស្រី។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់លោក Maduro ពីបទមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន ដោយហៅគាត់ថាជា ភេរវករគ្រឿងញៀន Narcoterrorist។
កាលពីដើមឆ្នាំនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពង្រាយកងនាវាចរទៅកាន់តំបន់ Caribbean ភាគខាងលិច ហើយចាប់តាំងពីខែកញ្ញាមក កងកម្លាំងអាមេរិកបានវាយប្រហារលើនាវារត់ពន្ធគ្រឿងញៀននៅឆ្នេរសមុទ្រវេណេស៊ុយអេឡាជាច្រើនដងនិងសម្លាប់មនុស្សជាច្រើននាក់។
យ៉ាងណាក្តីយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងពង្រីកវត្តមានកងទ័ពជើងទឹករបស់ខ្លួន ដោយក្រុមអ្នកវិភាគបានលើកឡើងថា បេសកកម្មនេះអាចពង្រីកលើសពីការប្រឆាំងគ្រឿងញៀន។
លោក Trump បានបដិសេធផែនការធ្វើការវាយប្រហារដោយផ្ទាល់នៅខាងក្នុងប្រទេសវេណេស៊ុយអេឡា ប៉ុន្តែត្រូវបានគេរាយការណ៍ថាបានពិនិត្យមើលជាបញ្ជីគោលដៅដែលមានសក្តានុពលបំផុត៕
ប្រែសម្រួល៖ស៊ុនលី
