មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាក់ថា ជម្លោះជាមួយអាមេរិកមានឫសគល់នៅក្នុងភាពខុសគ្នាជាមូលដ្ឋាន ជាជាងការមិនចុះសម្រុងគ្នាខាងយុទ្ធសាស្ត្រ
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី បានឧ្យដឹងថា ជម្លោះរបស់ទីក្រុងតេអេរ៉ង់ជាមួយសហរដ្ឋអាមេរិក មានឫសគល់នៅក្នុងភាពខុសគ្នាជាមូលដ្ឋាន ជាជាងការមិនចុះសម្រុងគ្នាខាងយុទ្ធសាស្ត្រ ដោយបន្ថែមថា ជម្លោះនេះកើតចេញពីការប៉ះទង្គិចផលប្រយោជន៍រវាងប្រទេសទាំងពីរ។
ថ្លែងទៅកាន់និស្សិតនៅទីក្រុងតេអេរ៉ង់មុនទិវានិស្សិត ដែលរំលឹកដល់ការដណ្តើមយកស្ថានទូតអាមេរិកក្នុងឆ្នាំ ១៩៧៩ លោក ខាមេនី បានឧ្យដឹងថា ព្រឹត្តិការណ៍នេះបានលាតត្រដាង «អត្តសញ្ញាណពិតរបស់ទីក្រុងវ៉ាស៊ីនតោន» ដោយចោទប្រកាន់ថា ឯកសារដែលរឹបអូសបានពីស្ថានទូតបានបង្ហាញថា វាជា «មជ្ឈមណ្ឌលសម្រាប់រៀបចំផែនការ» ប្រឆាំងនឹងបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់។
លោកបានបន្ដថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់សហរដ្ឋអាមេរិកដែលបង្ហាញពីឆន្ទៈក្នុងការសហការជាមួយអ៊ីរ៉ង់ គឺមិនឆបគ្នាជាមួយនឹងការគាំទ្រជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៊ីស្រាអែលនោះទេ។
លោកបានបន្ថែមថា អ៊ីរ៉ង់នឹងពិចារណាលើកិច្ចសហប្រតិបត្តិការ លុះត្រាតែសហរដ្ឋអាមេរិកបញ្ចប់ការគាំទ្ររបស់ខ្លួន ចំពោះអ៊ីស្រាអែល ដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ និងឈប់ជ្រៀតជ្រែកក្នុងកិច្ចការតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
