អតីតអគ្គរដ្ឋរាជអាជ្ញាយោធាអ៊ីស្រាអែល ត្រូវបានចាប់ខ្លួនពីបទលេចធ្លាយវីដេអូរំលោភបំពានលើអ្នកជាប់ឃុំប៉ាឡេស្ទីន
យេរ៉ូសាឡឹម៖ មន្ត្រីបានឧ្យដឹងថា អតីតអគ្គរដ្ឋអាជ្ញាយោធាអ៊ីស្រាអែល ត្រូវបានចាប់ខ្លួនបន្ទាប់ពីទទួលស្គាល់ថា បានលេចធ្លាយវីដេអូដែលបង្ហាញពីទាហាននៅក្នុងមណ្ឌលឃុំឃាំងមួយនៅភាគខាងត្បូងអ៊ីស្រាអែលរំលោភបំពានលើអ្នកជាប់ឃុំប៉ាឡេស្ទីនម្នាក់។
ឧត្តមសេនីយ៍ឯក Yifat Tomer-Yerushalmi បានលាលែងពីតំណែងកាលពីថ្ងៃសុក្របន្ទាប់ពីទទួលខុសត្រូវ ចំពោះការលេចធ្លាយវីដេអូ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីការស្វែងរកយ៉ាងទូលំទូលាយតាមបណ្តោយឆ្នេរសមុទ្រ Tel Aviv កាលពីយប់ថ្ងៃអាទិត្យ ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមគ្រួសាររបស់លោកស្រី Tomer-Yerushalmi បានរាយការណ៍ពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកស្រី ហើយប៉ូលីសបានរកឃើញរថយន្តរបស់លោកស្រីត្រូវបានគេបោះបង់ចោលនៅជិតឆ្នេរ។ ប៉ូលីសបានឧ្យដឹងថា លោកស្រីត្រូវបានគេរកឃើញភ្លាមៗបន្ទាប់ពីនោះ “នៅរស់រានមានជីវិត និងមានសុខភាពល្អ”។
នៅថ្ងៃចន្ទ តុលាការក្រុង Tel Aviv បានបញ្ជាឱ្យលោកស្រីនៅតែជាប់ឃុំយ៉ាងហោចណាស់រហូតដល់ថ្ងៃពុធ។ ប៉ូលីសបានឧ្យដឹងថា លោកស្រីត្រូវបានសង្ស័យពីបទក្លែងបន្លំ និងរំលោភលើទំនុកចិត្ត រំលោភលើតំណែង និងការរារាំងយុត្តិធម៌៕
ប្រែសម្រួល ឈូក បូរ៉ា
