ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក Donald Trump ថា យើងមាននុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីបំផ្ទុះពិភពលោក ១៥០ ដង

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានការពារការជំរុញរបស់លោកឱ្យបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញដោយអួតថា ឃ្លាំងអាវុធរបស់អាមេរិកមានថាមពលគ្រប់គ្រាន់ ដើម្បី”បំផ្ទុះពិភពលោក ១៥០ ដង” ហើយអាមេរិកគួរតែត្រូវបានរក្សាតាមរយៈការសាកល្បងជាសកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍របស់ CBS ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump ត្រូវបានសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកត្រូវការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនម្តងទៀត បន្ទាប់ពីផ្អាកអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយនោះ។

លោក Trump បានឆ្លើយតបថា “ដោយសារតែអ្នកត្រូវមើលពីរបៀបដែលពួកគេធ្វើការ” ។ “ខ្ញុំកំពុងនិយាយថា យើងនឹងសាកល្បងអាវុធនុយក្លេអ៊ែរ ដូចប្រទេសដទៃទៀតដែរ យើងជាប្រទេសតែមួយគត់ដែលមិនសាកល្បង ហើយខ្ញុំក៏មិនចង់ក្លាយជាប្រទេសតែមួយគត់ដែលមិនសាកល្បងនោះដែរ”។

ទោះបីជាមានការអះអាងរបស់លោក Trump ថា ប្រទេស រុស្ស៊ី និងចិនកំពុងធ្វើការសាកល្បងដោយសម្ងាត់ក៏ដោយ ក៏ការធ្វើតេស្តនុយក្លេអ៊ែរដែលបានបញ្ជាក់ចុងក្រោយរបស់ប្រទេសទាំងពីរបានកើតឡើងជាច្រើនទសវត្សរ៍មុន គឺរុស្ស៊ីក្នុងឆ្នាំ ១៩៩០ និងប្រទេសចិនក្នុងឆ្នាំ ១៩៩៦ ។

យោងតាមកាសែត Washington Post បានឱ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរពេញលក្ខណៈជាលើកចុងក្រោយក្នុងឆ្នាំ ១៩៩២ ហើយការប្តេជ្ញាបន្តការសាកល្បងឡើងវិញទំនងជាត្រូវចំណាយពេលច្រើនឆ្នាំ និងចំណាយប្រាក់រាប់រយលានដុល្លារ។

រដ្ឋមន្ត្រីថាមពលអាមេរិកលោក Chris Wright បានបំភ្លឺកាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តដែលបញ្ជាដោយ Trump នឹងមិនពាក់ព័ន្ធនឹងការបំផ្ទុះនុយក្លេអ៊ែរពិតប្រាកដនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top