អ៊ីស្រាអែល បដិសេធសំណើរបស់អ្នកសម្របសម្រួល ក្នុងការអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធ ចាកចេញពីផ្លូវរូងក្រោមដីហ្គាហ្សា
ហ្គាហ្សា៖ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានឧ្យដឹងថា អ៊ីស្រាអែលបានបដិសេធសំណើរបស់អ្នកសម្របសម្រួលក្នុងការអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធប្រហែល ២០០នាក់ចេញពីផ្លូវរូងក្រោមដីដោយសុវត្ថិភាពនៅភាគខាងត្បូងហ្គាហ្សា ហើយត្រឡប់ទៅតំបន់ ដែលមិនត្រូវបានគ្រប់គ្រងដោយយោធាអ៊ីស្រាអែល។
មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានប្រាប់ស៊ីនហួដោយសុំមិនបញ្ចេញឈ្មោះថា ពួកសកម្មប្រយុទ្ធ ដែលលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីមួយក្នុងទីក្រុងរ៉ាហ្វា នៅពីក្រោយ “ខ្សែពណ៌លឿង” ដែលសម្គាល់តំបន់ដកថយរបស់កងទ័ពអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្ន “ត្រូវតែចុះចាញ់ និងត្រូវជាប់គុក ឬត្រូវសម្លាប់”។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធដែលត្រូវបានចោទប្រកាន់ថា បានឆ្លងកាត់ “ខ្សែពណ៌លឿង” និងបង្ក “ការគំរាមកំហែងភ្លាមៗ” កងទ័ពអ៊ីស្រាអែល បានវាយប្រហារពួកសកម្មប្រយុទ្ធពីលើអាកាស និងលើដី។
ប្រភពព័ត៌មានវេជ្ជសាស្ត្រប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនពីរនាក់ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានបាញ់ប្រហារដោយកាំភ្លើងយន្តទៅលើជនស៊ីវិលនៅភាគខាងជើងនៃរ៉ាហ្វា៕
ប្រែសម្រួល ឈូក បូរ៉ា
