អ៊ីរ៉ង់ បដិសេធការអះអាង អំពីការគំរាមកំហែងនុយក្លេអ៊ែរ នៅពីក្រោយការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានហៅការអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានជំរុញដោយការគំរាមកំហែងនុយក្លេអ៊ែរ ដែលជិតមកដល់ថាជា “ការភូតកុហកដ៏អាក្រក់”។
លោកបានធ្វើការកត់សម្គាល់នៅលើ X ដោយថា ការអះអាងនេះត្រូវបាន “បដិសេធយ៉ាងពេញលេញ” ដោយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi និងរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi។
លោកបានលេីកឡេីងថា អ៊ីរ៉ង់មិនបាន “សម្លាប់ការទូតនោះទេ ប៉ុន្តែ អ្នកដែលបំផ្ទុះតុចរចាបានសម្លាប់” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំ ដែលត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកចេញនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយហៀបនឹងធ្វើលើកទីប្រាំមួយ មុនពេលអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃទី១៣ ខែមិថុនា ដោយកំណត់គោលដៅលើតំបន់ជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធាផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
