ប្រទេសរុស្ស៊ី និងចិន ចេញផែនទីបង្ហាញផ្លូវសម្រាប់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
បរទេស៖ ប្រទេសរុស្ស៊ី និងចិនបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយស្តីពីទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ទៅកាន់ទីក្រុង Hangzhou ប្រទេសចិនជាកន្លែងដែលលោកបានជួបជាមួយសមភាគីចិនលោកនាយករដ្ឋមន្រ្តី Li Qiang ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ភាគីទាំងពីរបានសន្យាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងក្រៅ។ ពួកគេបានប្តេជ្ញាផ្តល់ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរវាងរុស្ស៊ី និងចិន ហើយបានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យនានា រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម ពាណិជ្ជកម្ម បរិស្ថានវិទ្យា ការវិនិយោគ និង AI ។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ជំរុញការធ្វើដំណើរដោយគ្មានទិដ្ឋាការ និងជំរុញការអភិវឌ្ឍន៍សមាហរណកម្មក្នុងវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការព្រំដែន-ទីក្រុង។ មេដឹកនាំទាំងពីរក៏បានសន្យាជំរុញសន្តិភាព និងស្ថិរភាពនៅតំបន់អាកទិក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការរុករកអវកាស៕
ប្រែប្រួលៈ ណៃ តុលា
