រុស្សីនិងចិនដាក់បង្ហាញផែនទីបង្ហាញផ្លូវ សម្រាប់ទំនាក់ទំនងទ្វេភាគី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ី និងចិនបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយស្តីពីទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ទៅកាន់ទីក្រុង Hangzhou ជាកន្លែងដែលលោកបានជួបជាមួយសមភាគីចិនលោកនាយករដ្ឋមន្ត្រី Li Qiang ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ភាគីទាំងពីរបានសន្យាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងក្រៅផងដែរ។
ពួកគេបានប្តេជ្ញាផ្តល់ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ពួកគេ ហើយបានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យនានា រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម ពាណិជ្ជកម្ម បរិស្ថានវិទ្យា ការវិនិយោគ និង AI ។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ជំរុញការធ្វើដំណើរដោយគ្មានទិដ្ឋាការ និងជំរុញការអភិវឌ្ឍន៍សមាហរណកម្មក្នុងវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការព្រំដែន-ទីក្រុង។ ពួកគេបានសន្យាថានឹងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាកទិក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការរុករកអវកាស។
គួរឲ្យដឹងដែរថាភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីដូចជា អង្គការសហប្រតិបត្តិការសៀងហៃ BRICS និងអង្គការសហប្រជាជាតិ ក៏ដូចជាក្នុងស្ថាប័នអន្តរជាតិ ដើម្បីទប់ទល់នឹង នយោបាយពហុនិយមនិងលើកកម្ពស់ពិភពលោកដែលមានយុត្តិធម៌ ពហុប៉ូល និងសកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូល៕
ប្រែសម្រួល៖ ស៊ុនលី
