ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងថ្លែងការណ៍អំពីការធ្វើតេស្តមីស៊ីលឆ្លងទ្វីប ICBM របស់សហរដ្ឋអាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាសហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសរុស្ស៊ីអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប Minuteman III មុនពេលគ្រាប់រ៉ុក្កែតត្រូវបានបាញ់សាកល្បងកាលពីថ្ងៃពុធ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានជាច្រើនម៉ោងក្រោយមក មន្ត្រីរូបនេះបាននិយាយថា មីស៊ីលដែលជាប្រភេទមីស៊ីលដែលមិនបានគោរពតាមការកំណត់អត្តសញ្ញាណនៃការបាញ់បង្ហោះ ក្រោមបទប្បញ្ញត្តិអន្តរជាតិ។ យ៉ាងណាក្តីលោកPeskov បានបន្ថែមថា៖យើងក៏ជូនដំណឹងដល់ ប្រទេសផ្សេងទៀត នៅពេលធ្វើការបាញ់បង្ហោះបែបនេះត្រូវបានធ្វើឡើង។

ដោយនិយាយអំពីសមត្ថភាពយោធាផ្ទាល់របស់រុស្ស៊ី លោក Peskov បាននិយាយថា ខណៈពេលដែលទីក្រុងម៉ូស្គូ មិនចូលរួមក្នុងការប្រណាំងសព្វាវុធណាមួយនៅឡើយនោះ ជាក់ស្តែងរុស្សីបានបង្កើតប្រព័ន្ធអាវុធយុទ្ធសាស្ត្ររបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនរួចទៅហើយ។

នៅព្រឹកថ្ងៃពុធនេះ កងទ័ពអាកាសអាមេរិកបានប្រកាសថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីប Minuteman III ដែលគ្មានអាវុធពីមូលដ្ឋានទ័ពអាកាស Vandenberg ។

គួរឲ្យដឹងដែរថាគ្រាប់រ៉ុក្កែត​នេះ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តែមួយ​បាន​ដោយ​មាន​សមត្ថភាពទៅដល់​ជាង ៣០០ គីឡូ​តោន​នៃសារធាតុផ្ទុះTNT ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់បែក​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ាដល់ទៅ ២០ ដងកាលពី​ក្នុង​ឆ្នាំ ១៩៤៥៕

ប្រែសម្រួល៖ ស៊ុនលី

To Top