យូធូបចាប់ផ្តើមលុបចោលវិដេអូរាប់រយ ដែលពាក់ព័ន្ធទៅនឹងការចោទប្រកាន់ទៅលើអ៊ីស្រាអែល នៃបទឧក្រិដ្ឋកម្មសង្គ្រាម
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាញចែកចាយវិដេអូដ៏ធំរបស់ពិភពលោកយូធូបបានលុបវីដេអូរាប់រយ ដែលចងក្រងឯកសារចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងតំបន់ West Bank ដែលកាន់កាប់ រួមទាំងគណនីសាក្សី របាយការណ៍ស៊ើបអង្កេត និងវីដេអូមនុស្សធម៌ជាច្រើន។
ចាប់តាំងពីខែតុលាមក វេទិកាបង្ហោះវីដេអូត្រូវបានគេរាយការណ៍ថាបានលុបវីដេអូជាង៧០០មកហើយនិងផ្អាកគណនីរបស់ក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីនដ៏លេចធ្លោ Al-Haq មជ្ឈមណ្ឌល Al Mezan សម្រាប់សិទ្ធិមនុស្ស និងមជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ាឡេស្ទីនទៀតផង។
សម្ភារៈដែលបានលុបត្រូវបានគេរាយការណ៍ថារួមមានការស៊ើបអង្កេតលើការសម្លាប់អ្នកកាសែតជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីន Shireen Abu Akleh ដោយកងកម្លាំងអ៊ីស្រាអែល រូបភាពនៃការវាយកម្ទេចផ្ទះនៅ West Bank និងភាពយន្តឯកសារអំពីម្តាយដែលបានរួចរស់ជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា។
ប្រភពដដែលបានពណ៌នាការដកយកចេញនេះថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងការបង្ក្រាបឯកសារនៃឧក្រិដ្ឋកម្មសង្គ្រាមអ៊ីស្រាអែលដែលត្រូវបានចោទប្រកាន់។
មិនត្រឹមតែប៉ុណ្ណោះអង្គការប៉ាឡេស្ទីនដូចគ្នាដែលជាគោលដៅដោយ YouTube ត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងវ៉ាស៊ីនតោនកាលពីខែកញ្ញាសម្រាប់ការបញ្ជូនភស្តុតាងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ៕
ប្រែសម្រួល៖ស៊ុនលី
