ព័ត៌មានអន្តរជាតិ

​ ប្រធានាធិបតីប្រេស៊ីល​ ជំរុញការផ្លាស់ប្តូរ ថាមពលយ៉ាងឆាប់រហ័ស​ ដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី

Xinhua

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានជំរុញឱ្យប្រទេសនានាពន្លឿនការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ និងពង្រឹងការការពារបរិស្ថាន ដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី។

នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំកំពូលរបស់មេដឹកនាំមុនសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០​ របស់អង្គការសហប្រជាជាតិ (COP30) ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី២១​ ខែវិច្ឆិកា នៅទីក្រុង Belem រដ្ឋធានីនៃរដ្ឋ Para ភាគខាងជើងប្រទេស លោក Lula បានឧ្យដឹងថា គោលដៅសំខាន់នៃ COP30 គឺដើម្បីបង្កើតការឯកភាពគ្នាលើការ ឆ្លើយតបជាសកលចំពោះវិបត្តិអាកាសធាតុ។

លោកបានប្រាប់អ្នកតំណាងជាង ៧០នាក់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិថា “ការបង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល និងការការពារធម្មជាតិគឺ ជាមធ្យោបាយពីរដែលមានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី”។

លោកបានរិះគន់ភាពជ្រុលនិយម និង “ផលប្រយោជន៍អាត្មានិយម” ដែលដាក់ផលប្រយោជន៍បុគ្គលលើសពីផលប្រយោជន៍រួម ដោយកត់សម្គាល់ថានៅតែមានការផ្តាច់ទំនាក់ទំនងរវាងបរិបទភូមិសាស្ត្រនយោបាយ និងគ្រាអាសន្នអាកាសធាតុ។

លោកបានជំរុញឱ្យអ្នកធ្វើការសម្រេចចិត្តលើពិភពលោកបែងចែកធនធានតិចជាងមុនសម្រាប់ជម្លោះ និងច្រើនជាងនេះទៅទៀតសម្រាប់ការការពារបរិស្ថាន ដោយសង្កត់ធ្ងន់ថា “យុត្តិធម៌អាកាសធាតុ​ គឺជាសម្ព័ន្ធមិត្តនៃការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រ” និងអំពាវនាវឱ្យ COP30 ក្លាយជាសន្និសីទស្តីពីការឡើងកំដៅផែនដី៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top