ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ កំពុងស្វែងរកការពង្រីកវត្តមានយោធា នៅក្នុងប្រទេសស៊ីរី ខណៈកងកម្លាំងអ៊ីស្រាអែល​ កំពុង ឈានទៅមុខ នៅជិតព្រំដែន ភាគខាងត្បូង

ដាម៉ាស់ ៖​ យោងតាមរបាយការណ៍មួយ​ ដែលចេញផ្សាយដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរីបានឧ្យដឹងថា​ សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា​ កំពុងស្វែងរកការពង្រីកវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់វាលខ្សាច់កណ្តាល របស់ប្រទេសស៊ីរី ដោយការគ្រប់គ្រងអាកាសយានដ្ឋានជាច្រើន និងបង្កើតមូលដ្ឋានថ្មី ក្រោមការត្រួតពិនិត្យ ពេញលេញរបស់អាមេរិក។

របាយការណ៍នេះបានឧ្យដឹងថា ចលនានេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងមូលដ្ឋានយោធា របស់ខ្លួននៅក្នុងវាលខ្សាច់ស៊ីរី ដែលត្រូវបានគេស្គាល់ថាជា Badiya និងធានាសុវត្ថិភាព ទីតាំងសំខាន់ៗ ជាយុទ្ធសាស្ត្រនៅទូទាំងតំបន់។

របាយការណ៍នេះបានឧ្យដឹងទៀតថា គំនិតផ្តួចផ្តើមនេះមានគោលបំណង ជំរុញសមត្ថភាពប្រតិបត្តិការ ការពារផ្លូវភស្តុភារ និងពង្រឹងឥទ្ធិពលនៅជិតតំបន់ ដែលសម្បូរទៅដោយប្រេង និងឧស្ម័ន។

យោងតាមរបាយការណ៍ កងកម្លាំងចម្រុះដឹកនាំ ដោយសហរដ្ឋអាមេរិកមកពីមូលដ្ឋាន al-Tanf ថ្មីៗនេះបានត្រួតពិនិត្យ អាកាសយានដ្ឋានយោធា al-Seen នៅភាគឦសាន នៃទីក្រុងដាម៉ាស់ ដើម្បីវាយតម្លៃពីភាព សមស្របរបស់វា សម្រាប់ប្រតិបត្តិការ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងជាមួយអង្គភាពមកពីកងកម្លាំងសន្តិសុខ Badiya ដែលឥឡូវនេះសម្រប សម្រួលជាមួយក្រុមចម្រុះ ក្រោមការរៀបចំសន្តិសុខរួមគ្នា។

ក្រុមសង្កេតការណ៍នេះ ក៏បានលើកឡើងពីការសាងសង់ប៉ុស្តិ៍សម្ព័ន្ធភាពថ្មីមួយ នៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់-ហ្ស៊កដានី និងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកកើនឡើងនៅជុំវិញតំបន់​ Palmyra ដោយបង្ហាញថាទីក្រុងវ៉ាស៊ីនតោន​ អាចនឹងកំពុងរៀបចំមូលដ្ឋាន បន្ថែមនៅក្នុងតំបន់នោះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top