សេតវិមានជឿជាក់ថាការបន្តបិទរដ្ឋាភិបាលលើកនេះ ផ្តល់លទ្ធផលអាក្រក់ជាងការរំពឹងទុក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បានព្រមានថា ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យខូចខាតសេដ្ឋកិច្ច កាន់តែអាក្រក់ ជាងការប៉ាន់ស្មាន ហើយអាចកាត់បន្ថយកំណើន GDP នៅពាក់កណ្តាលត្រីមាសទី៤។
លោកបានប្រាប់ Fox Business ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ការបិទរយៈពេល៣៨ថ្ងៃ ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ សណ្ឋាគារ និងសំណង់ជាពិសេស។លោកបានបន្តថា៖ផលប៉ះពាល់លើសេដ្ឋកិច្ចគឺអាក្រក់ជាងការរំពឹងទុកទៅទៀតព្រោះវាបានបន្តយូរមកហើយ។
លោកHassett បាននិយាយថា ផលប៉ះពាល់នៃការបិទអាចកាត់បន្ថយពី១ភាគរយទៅ១,៥ភាគរយពីកំណើន GDP របស់សហរដ្ឋអាមេរិកនៅក្នុងអំឡុងខែតុលាដល់ខែធ្នូ ដោយលើកឡើងពីការប៉ាន់ស្មានថ្មីៗពីក្រុមហ៊ុន Goldman Sachs។លោកបានបន្ថែមថា ៖យើងនឹងមានកំណើនយ៉ាងហោចណាស់៣ភាគរយ នៅក្នុងត្រីមាសទីបួន។
លោកHassett បានកត់សម្គាល់ថា៖ការធ្វើដំណើរ និងការលំហែរកាយគឺជាកន្លែងដែលពិតជាកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅពេលនេះ ដោយព្រមានថា ប្រសិនបើការបិទនៅតែបន្តប៉ះពាល់ដល់ប្រាក់ឈ្នួលរបស់បុគ្គលិកធ្វើដំណើរតាមផ្លូវអាកាសសម្រាប់ មួយសប្តាហ៍ ឬពីរសប្តាហ៍ទៀតនោះ វិស័យនេះអាចប្រឈមនឹង ការធ្លាក់ចុះខ្លាំងក្នុងរយៈពេលខ្លី៕
ប្រែសម្រួល៖ ស៊ុនលី
