មន្ត្រីអាមេរិកម្នាក់ថា អ៊ីរ៉ង់បានរៀបចំផែនការ ធ្វើឃាតឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសម៉ិកស៊ិក
បរទេស ៖ មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូត អ៊ីស្រាអែល ប្រចាំប្រទេសម៉ិកស៊ិកចាប់តាំងពីចុងឆ្នាំមុន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានទប់ស្កាត់ ហើយមិនមានការគំរាមកំហែងបច្ចុប្បន្ននោះទេ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយនៅពេលក្រោយនៃថ្ងៃនោះថា ខ្លួនមិនមានព័ត៌មានទាក់ទង នឹងការវាយប្រហារដែលត្រូវបានចោទប្រកាន់ប្រឆាំង នឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសម៉ិកស៊ិកនោះទេ។
ចំណែកមន្ត្រីអាមេរិករូបនេះ ដែលនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ផែនការប្រឆាំងនឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Einat Kranz Neiger បានដំណើរការយ៉ាងសកម្មពេញ មួយឆមាសទីមួយនៃឆ្នាំនេះ។
យ៉ាងណាក៏ដោយមន្ត្រីរូបនេះបានបដិសេធ មិននិយាយអំពីរបៀបដែលផែនការនេះត្រូវបានរារាំង ឬផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការនោះទេ។
ប្រែសម្រួល: ណៃ តុលា
