ព័ត៌មានអន្តរជាតិ

Fujian នាវាផ្ទុកយន្តហោះចម្បាំងទី៣ របស់ចិន បំពាក់បច្ចេកវិទ្យាទំនើប

ហៃណា​ន ៖ កងទ័ពជើងទឹកចិន បាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវនាវាផ្ទុកយន្តហោះចម្បាំងទី៣ ដែលមានឈ្មោះថា Fujian ក្រោមវត្តមានរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ។ យោងតាមការចុះផ្សាយរបស់ CCTV នាវា ផ្ទុកយន្តហោះចម្បាំង Fujian ដើរដោយប្រព័ន្ធម៉ាស៊ីនសាមញ្ញ មិនមែនដោយរ៉េអាក់ទ័រនុយក្លេអ៊ែរឡើយ ។ តែអ្វីដែលទំនើបនិងមោទនភាពបំផុត សម្រាប់ចិននោះ គឺនាវានេះមានបំពាក់ ដោយប្រព័ន្ធរុញ បង្ហោះយន្តហោះឡើង ដោយចរន្តអេឡិកត្រូម៉ាញ៉េទិក ដែលភាសាបារាំងហៅថា Système catapultes électromagnétiques។ គិតត្រឹមពេលបច្ចុប្បន្ននេះ គឺមានតែនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Gerald R. Ford ប៉ុណ្ណោះ ដែលមានបំពាក់ប្រព័ន្ធដ៏ទំនើបនេះ ព្រោះជាទូទៅគឺគេប្រើ ប្រព័ន្ធរុញបង្ហោះដោយ ចំហាយទឹក ។

កាលពីថ្ងៃពុធទី ៥វិច្ឆិកា លោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានមានវត្តមានផ្ទាល់ នៅក្នុងកម្មវិធី សម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវនាវាផ្ទុកយន្តហោះចម្បាំងថ្មី ទំនើបរបស់ចិន ដែលបានប្រព្រឹត្តិទៅ មូលដ្ឋានទ័ពជើងទឹក កោះហៃណាន ។ នាវាផ្ទុកយន្តហោះចម្បាំងថ្មីនេះ ឈ្មោះថា Fujian ដែលចិនធ្លាប់បានសាកល្បងក្នុងទឹក ជាលើកទី១ កាលពីឆ្នាំ ២០២៤។ សូមរំលឹកថា Fujian គឺជាឈ្មោះខេត្តចិន នៅទល់មុខតៃវ៉ាន់ ។

សូមរំលឹកថា មកដល់ពេលនេះ ចិនមាននាវាផ្ទុកយន្តហោះចម្បាំង៣ ប្រភេទគឺ៖
ទី១ នាវា Liaoning ទិញពីអ៊ុយក្រែន នៅឆ្នាំ ២០០០ គឺជានាវាផ្ទុកយន្តហោះចម្បាំងបច្ចេកវិទ្យាសូវៀត ។
ទី២ នាវា Shandong គឺជានាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុត ដែលចិន បានសាងសង់ ឡើងដោយ ដៃខ្លួនឯង និងបានដាក់ ឲ្យ ដំណើរការនៅឆ្នាំ ២០១៩។
និងថ្មីនេះមានឈ្មោះFujian គឺជាទី៣របស់ចិន ។

បើតាមលោក Alex Luck អ្នកជំនាញ គ្រឿងសព្វាវុធលើនាវា បាន លើកឡើងថា ជាមួយនឹងនាវាថ្មី Fujian គឺចិន បានក្លាយជាប្រទេសទី២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមាននាវាផ្ទុកយន្តហោះចម្បាំងបំពាក់ដោយ ប្រព័ន្ធរុញបង្ហោះយន្តហោះ ដោយចរន្តអេឡិកត្រូម៉ាញ៉េទិក ដែលភាសាបច្ចេកទេសហៅថា EMALS ។ តែយ៉ាងណាលោក បន្ថែមថា ដើម្បីអាចប្រកួតផ្ទឹមនឹង សហរដ្ឋអាមេរិកបាន គឺចិនត្រូវតែប្រឹងផលិតនាវាប្រភេទនេះថែមទៀត និងត្រូវតែពង្រឹងសមត្ថភាពប្រតិបត្តិការ ៕

To Top