ព្រឹទ្ធសភាអាមេរិក បដិសេធសេចក្តីព្រាងច្បាប់ ដើម្បីស្ដារប្រាក់ឈ្នួលកម្មករ សហព័ន្ធឡើងវិញ និងនៅតែខ្វែងគំនិតគ្នាលើការបិទទ្វារ
បរទេស ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្របានបដិសេធសេចក្តីព្រាងច្បាប់ ដែលនឹងបន្តបើកប្រាក់ខែ សម្រាប់កម្មករសហព័ន្ធរាប់រយរាប់ពាន់នាក់ ក្នុងអំឡុងពេលបិទទ្វារ រដ្ឋាភិបាលយូរបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ខណៈដែលពួកអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ នៅតែមានការខ្វែងគំនិតគ្នា អំពីរបៀបបើករដ្ឋាភិបាលឡើងវិញ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា វិធានការនេះទទួលបានសំឡេងគាំទ្រ ៥៣ ទល់នឹង ៤៣ សំឡេងប្រឆាំងនៅក្នុងសភាដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ ខ្វះសំឡេងគាំទ្រ ៦០ សំឡេងដែលខ្លួនត្រូវការដើម្បីជំរុញ។ គណបក្សប្រជាធិបតេយ្យភាគច្រើន បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ហើយបានអះអាងថា វានឹងផ្តល់សិទ្ធិអំណាចច្រើនពេក ដល់ប្រធានាធិបតី របស់បក្សសាធារណរដ្ឋលោក Donald Trump ដែលបានជ្រើសរើសបើកប្រាក់ខែដល់កងទ័ព និងមន្ត្រីអន្តោប្រវេសន៍ ក្នុងអំឡុងពេលបិទទ្វារ ខណៈដែលគំរាមកំហែងថា នឹងកាត់ប្រាក់ឈ្នួលសម្រាប់កម្មករផ្សេងទៀត។
សមាជិកព្រឹទ្ធសភា ប្រជាធិបតេយ្យបីរូបបានបោះឆ្នោតគាំទ្រ សេចក្តីព្រាងច្បាប់នេះ រួមមាន លោក Raphael Warnock និងលោក Jon Ossoff មកពីរដ្ឋ Georgia និងលោក Ben Ray Lujan មកពីរដ្ឋ New Mexico។
សហជីពការងារដែលតំណាង ឱ្យកម្មករសហព័ន្ធបានជំរុញ ឱ្យសមាជិកសភាអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយនិយាយថា ការបិទទ្វារដែលបានចាប់ ផ្តើមនៅថ្ងៃទី ១ ខែតុលាកំពុងបង្កើតការលំបាក សម្រាប់ជនជាតិអាមេរិកសាមញ្ញ៕
