ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អង្គការណាតូ កំពុងបង្កើតឧបសគ្គថ្មី ចំពោះកិច្ចសហប្រតិបត្តិការសកល នៅតំបន់អាកទិក

មូស្គូ៖ អង្គការណាតូនៅតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើយោធានីយកម្មនៅតំបន់អាកទិក ដោយបង្កើតឧបសគ្គថ្មីចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងតំបន់ នេះបើយោងតាមការដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដោយសារព័ត៌មាន TASS កាលពីថ្ងៃសុក្រ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Zakharova បានព្រមានថា មូស្គូនឹងឆ្លើយតបយ៉ាងទូលំទូលាយ ចំពោះការគំរាមកំហែង និងបញ្ហាប្រឈម ចំពោះសន្តិសុខជាតិរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា “សារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់អាកទិក កំពុងកើនឡើងជារៀងរាល់ថ្ងៃ”។

លោកស្រី Zakharova បានកត់សម្គាល់ថា ការចូលរួមជាមួយប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងណាតូ បានធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង។ លោកស្រីបានឲ្យដឹងថា “ណាតូកំពុងប្រើប្រាស់ទឹកដីនៃរដ្ឋជាសមាជិកអាកទិកយ៉ាងសកម្ម ដើម្បីបង្កើនទំហំកងកម្លាំងចម្រុះ និងអាំងតង់ស៊ីតេនៃសកម្មភាពហ្វឹកហ្វឺនប្រយុទ្ធ”។

លោកស្រីបានបង្ហាញថា “ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស៊ីវិលកំពុងត្រូវបានកែសម្រួលសម្រាប់គោលបំណងយោធា ទ្រព្យសម្បត្តិឈ្លបយកការណ៍បន្ថែមកំពុងត្រូវបានដាក់ពង្រាយ ហើយថវិកាជាង ៣០០ ពាន់លានដុល្លារអាមេរិកត្រូវបានបែងចែក សម្រាប់គោលបំណងទាំងនេះនៅឆ្នាំ ២០៣៤”។

លោកស្រីបានបន្ថែមថា អង្គការណាតូបានធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រហែល ១០ លើកនៅតំបន់អាកទិកក្នុងឆ្នាំនេះ រួមទាំងសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែរប្រចាំឆ្នាំនៅក្នុងខែតុលា ដែលសមយុទ្ធមួយចំនួនបានធ្វើឡើងនៅជិតព្រំដែនរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top