IMF រំពឹងថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងថយចុះនៅក្នុងត្រីមាសទី៤
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យ IMF ម្នាក់បានឧ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងថយចុះនៅក្នុងត្រីមាសទី៤ ពីការព្យាករណ៍ពីមុនរបស់ខ្លួនចំនួន ១.៩ភាគរយ ប៉ុន្តែខ្វះទិន្នន័យ ដើម្បីវាយតម្លៃវាដោយសារតែការបិទរដ្ឋាភិបាលសហព័ន្ធ។
អ្នកនាំពាក្យលោកស្រី Julie Kozack បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការខ្វះទិន្នន័យសេដ្ឋកិច្ចត្រឹមត្រូវដោយសារតែការបិទរដ្ឋាភិបាលសហព័ន្ធរយៈពេល ៤៣ថ្ងៃបានធ្វើឱ្យស្មុគស្មាញដល់សមត្ថភាពរបស់ IMF ក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
លោកស្រី Kozack បានលេីកឡេីងថា “សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបង្ហាញថាមានភាពធន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះយើងឃើញភាពតានតឹងចាប់ផ្តើមកើនឡើង តម្រូវការក្នុងស្រុកកំពុងមានកម្រិតមធ្យម ហើយកំណើនការងារកំពុងថយចុះ”។
ការរួមបញ្ចូលគ្នានៃលំហូរចូលអន្តោប្រវេសន៍ដែលកំពុងថយចុះ ពន្ធគយ និងភាពមិនប្រាកដប្រជានៃគោលនយោបាយកាន់តែទូលំទូលាយបានជះឥទ្ធិពលដល់សកម្មភាព”។
ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់នេះទំនងជានឹងត្រូវបានបញ្ច្រាស់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។ យោងតាម IMF អតិផរណារបស់សហរដ្ឋអាមេរិក កំពុងឆ្ពោះទៅរកគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ប៉ុន្តែពន្ធគយបានបង្កើនហានិភ័យនៃការកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
