ចិនប្រកាសថាលោក Xi នឹងមិនចូលរួមកិច្ចប្រជុំ G20 ឡើយ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិនបានប្រកាសថា ប្រធានាធិបតីចិនលោក Xi Jinping នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅអាហ្វ្រិកខាងត្បូងទេ ដោយនាយករដ្ឋមន្ត្រី Li Qiang គ្រោងនឹងទៅចូលរួមជំនួសវិញ។
កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅនៅទីក្រុង Johannesburg នៅថ្ងៃទី២២និង២៣ ខែវិច្ឆិកា។ អាហ្រ្វិកខាងត្បូងបានកាន់តំណែងជាប្រធានប្តូរវេននៃក្រុមនៅខែធ្នូ ឆ្នាំ២០២៤ដោយក្លាយជាប្រទេសអាហ្វ្រិកដំបូងគេដែលដឹកនាំវេទិកានេះ។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បាននិយាយថា តំណែងជាប្រធានប្រទេសរបស់លោកនឹងផ្តោតលើការជំរុញអាទិភាពអភិវឌ្ឍន៍របស់អាហ្វ្រិក និងសកលលោកខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកនាយករដ្ឋមន្ត្រី Li នឹងចូលរួមកិច្ចប្រជុំកំពូលតាមការអញ្ជើញរបស់អាហ្វ្រិកខាងត្បូង ដោយនិយាយថាទីក្រុងប៉េកាំងគាំទ្រដល់តំណែងប្រធានាធិបតី G20 របស់ទីក្រុង Pretoria ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយគ្រប់ភាគីដើម្បីគាំទ្រពហុភាគីនិយម និងសេដ្ឋកិច្ចពិភពលោកបើកចំហ។
បន្ថែមពីនោះលោកអ្នកនាំពាក្យក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំកំពូលដែលត្រូវបានធ្វើឡើងនៅលើទ្វីបអាហ្រ្វិកជាលើកដំបូង៕
ប្រែសម្រួល៖ ស៊ុនលី
