នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សរសើរវិធីសាស្រ្តចាស់ទុំដែលកម្ពុជាបានអនុវត្ត ដែលបន្តជ្រើសរើសផ្លូវសន្តិភាព និងថា ប្រទេសម៉ាឡេស៊ីនឹងបន្តដើរតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលដោយយុត្តិធម៌
បរទេស÷ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានសរសេរនៅក្នុងហ្វេសប៊ុកលោកនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះថាថា ខ្ញុំបានទាក់ទងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា ដើម្បីវាយតម្លៃពីការវិវឌ្ឍថ្មីៗទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
នៅក្នុងការពិភាក្សាទាំងនោះ ខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវិធីសាស្រ្តចាស់ទុំដែលប្រជាជនកម្ពុជាបានអនុវត្ត ដែលបន្តជ្រើសរើសផ្លូវសន្តិភាព និងផ្តល់អាទិភាពដល់ដំណោះស្រាយតាមរយៈការពិគ្រោះយោបល់ និងការសន្ទនាដែលមានសុខភាពល្អ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្តថា ប្រទេសម៉ាឡេស៊ីពិតជាគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់កម្ពុជាក្នុងការប្រើប្រាស់បណ្តាញដែលត្រូវបានព្រមព្រៀងគ្នាពីមុន និងគាំទ្រសន្ធិសញ្ញាសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី 26 ខែតុលា ឆ្នាំ 2025 ជាវេទិកាសម្រាប់បញ្ចប់ជម្លោះដែលកំពុងបន្ត។ គោលការណ៍នេះគឺមានសារៈសំខាន់ដើម្បីធានាថាភាពខុសគ្នាណាមួយត្រូវបានដោះស្រាយដោយសន្តិវិធី មានរបៀបរៀបរយ និងផ្អែកលើការយោគយល់គ្នាក្នុងតំបន់។
ក្នុងនាមជាប្រទេសមួយដែលប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាពក្នុងតំបន់ ប្រទេសម៉ាឡេស៊ីនឹងបន្តដើរតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលដោយយុត្តិធម៌ និងមានទំនួលខុសត្រូវ ជាពិសេសក្នុងការជួយប្រទេសមិត្តភាពទាំងពីរឱ្យសម្រេចបាននូវដំណោះស្រាយយូរអង្វែង និងរួមចំណែកដល់ការពង្រឹងស្ថិរភាពនៅក្នុងតំបន់។
ប្រែសម្រួល: ណៃ តុលា
