ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់

តាមការផ្សាយដំណឹងនៃស្ថានទូតចិនប្រចាំប្រទេសជប៉ុនឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោក Wu Jianghao ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុនបានកោះហៅលោក Takehiro Funakoshi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់។

លោក Wu Jianghao បានថ្លែងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើនពាក់ព័ន្ធបញ្ហាតៃវ៉ាន់ ខណៈពេលចូលខ្លួនបកស្រាយក្នុងកិច្ចប្រជុំនៃរដ្ឋសភាជប៉ុន ហើយបដិសេធមិនទទួលស្គាល់កំហុសរបស់ខ្លួន។

ការលើកឡើងពាក់ព័ន្ធបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងក្រមជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម បំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនមួយ និងស្មារតីនៃឯកសារនយោបាយទាំងបួនរវាងប្រទេសចិននិងជប៉ុន និងបំផ្លាញយ៉ាងខ្លាំងដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន។

ប្រទេសចិនសម្តែងការខឹងសម្បារយ៉ាងខ្លាំងក្លា ហើយនឹងមិនអត់ឱនចំពោះរឿងនេះជាដាច់ខាត ដោយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់និងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះករណីនេះ៕

To Top